វិនិយោគិនបីជាតិសាសន៍ ស្វែងយល់ពីសក្ដានុពលនិងឱកាសវិនិយោគនៅខេត្តសៀមរាប

0

ភ្នំពេញ ៖ វិនិយោគិនកម្ពុជាមួយក្រុម បានដឹកនាំវិនិយោគិនបរទេសដែលជាជនជាតិចិន និងជនជាតិជប៉ុនធ្វើដំណើរទស្សនកិច្ចនិងសិក្សាពីសក្ដានុពលវិនិយោគនៅក្នុងខេត្តសៀមរាប ស្របនឹងស្ថានភាពនៃវិបត្តិកូវីដ១៩ នៅលើពិភពលោកបាននិងកំពុងផុតរលត់បន្តិចម្ដងៗ ជាមួយនឹងការរំពឹងថាវិបត្តិនៃជំងឺរាតត្បាតនេះនឹងចប់ទាំងស្រុងនៅក្នុងឆ្នាំ ២០២៣នេះ ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដែលដឹកនាំដោយក្រុមហ៊ុន អចលនទ្រព្យធំមួយមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ។ ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ជាំងពីទំនុកចិត្ត និងការវិលត្រលប់មកវិញនៃវិនិយោគិនបរទេស បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩យ៉ាងល្អប្រសើរ ដោយបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេសពីគ្រប់ទិសទី ។

លោកសំ សីហា ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រទេសឡើងវិញ បើកឱ្យដំណើរការសេដ្ឋកិច្ចទូលំទូលាយឡើងវិញនោះឃើញថាមិនទាន់ជាមានគម្រោងធំៗណាចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តសៀមរាបទេ ទោះបីជាសក្ដានុពលនៅក្នុងខេត្តសៀមរាបដូចជាផ្លូវចំនួន៣៨ខ្សែ ព្រលានយន្តហោះអន្តរជាតិអង្គរថ្មីនឹងបញ្ចប់នៅពេលឆាប់ៗនេះក្ដី ។

លោកបន្តថាយ៉ាងណាយើងរំពឹងថា វិនិយោគិនជាតិនិងអន្តរជាតិនឹងចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តសៀមរាប ពីព្រោះថាតាមគម្រោងរបស់រាជរដ្ឋាភិបាលមានគម្រោងធំៗជាច្រើននៅក្នុងខេត្តសៀមរាប ដូចជាផ្លូវល្បឿនល្បឿនភ្នំពេញ សៀមរាប ផ្លូវតភ្ជាប់ពីបាត់ដំបងមកកាន់ខេត្តសៀមរាបជាដើម ។

សៀមរាបជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយសៀមរាបក៏ជាតំបន់ដែលមានទាក់ទាញខ្លាំងលើការអភិវឌ្ឍដោយមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានចូលទៅកាន់ខេត្តនេះ និងកំពុងអភិវឌ្ឍន៍គម្រោងរបស់ខ្លួនយ៉ាងមមាញឹកផងដែរ ។

ក្រុងសៀមរាបនៃខេត្តសៀមរាប ក៏ត្រូវបានដាក់ក្នុងផែនការ អភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃនៅពេលអនាគតផងដែរ ហើយក៏រំពឹងថាក្រោយពេលក្រុងសៀមរាប អភិវឌ្ឍន៍ទៅជាក្រុងឆ្លាតវៃនឹងកាន់តែទាក់ទាញដល់ការវិនិយោគលើវិស័យអចលនទ្រព្យបន្ថែមជាមួយគម្រោងរបស់រដ្ឋជាច្រើនក៏នឹងចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here