កម្ពុជានិងប្រទេស៣ផ្សេងទៀតឯកភាពគ្នាបង្កើតស្តង់ដារួមរបស់សំបុកត្រចៀកកាំសម្រាប់នាំចូលទីផ្សារចិន

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជា ចិន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាបង្កើតស្តង់ដាររួមគ្នាសម្រាប់សំបុកត្រចៀកកាំសម្រាប់ទីផ្សារប្រទេសចិន ក្នុងគោលបំណងកសាងទំនុកចិត្តក្នុងចំណោមអតិថិជន និងជំរុញការនាំចេញ។

លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកសត្វត្រចៀកកាំកម្ពុជា បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនជាមួយតំណាងសមាគមសំបុកសត្វស្លាបមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសចិន”។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង Chongqing និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានដឹកនាំសមាជិក និងពាណិជ្ជករក្នុងឧស្សាហកម្មសំបុកសត្វស្លាបកម្ពុជា ជួបពិភាក្សាជាមួយក្រុមគយចិន និងប្រធានសមាគមសំបុកសត្វស្លាបចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

លោក​ស្រី​បន្ត​ថា​ “លទ្ធផល​នៃ​កិច្ច​ពិភាក្សា​គឺ​កម្ពុជា ចិន ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បង្កើត​ស្តង់ដារ​រួម​សម្រាប់​សំបុក​ត្រចៀកកាំដើម្បីនាំមកកាន់ទីផ្សារ​ចិន និង​អាស៊ាន”។

សមាគមនេះបានអះអាងថា “ស្តង់ដារទូទៅត្រូវបានពិនិត្យសម្រាប់កម្រិតសំណើមផលិតផល ការកំណត់អត្តសញ្ញាណផលិតផល និងវិធីសាស្ត្រសម្លាប់មេរោគ ដោយកាលពីមុន ផលិតផលដែលមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ មានការលំបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូលខុសច្បាប់”។

ប្រទេសចិនបានប្រកាសគាំទ្រដល់ផលិតផលសំបុកសត្វត្រចៀកកម្មកម្ពុជាក្នុងទីផ្សារនាំចូលរបស់ខ្លួន ដោយសារបរិស្ថាននៅកម្ពុជាល្អ និងធានាបាននូវផលិតផលគុណភាពខ្ពស់។

នៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសចិន សមាគមកម្ពុជាក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនចែកចាយផលិតផលសំបុកត្រចៀកដ៏ធំបំផុតនៅក្នុងប្រទេសចិន និងបានចុះហត្ថលេខាលើ MOU ដើម្បីទិញ និងលក់សំបុកត្រចៀកកាំពីកម្ពុជាផងដែរ។

សមាគមនេះនឹងបន្តពិភាក្សាបន្ថែមស្តីអំពីវិធីពន្លឿនការអនុវត្តអាជ្ញាប័ណ្ណនាំចូលទៅកាន់ប្រទេសចិន និងខិតខំប្រឹងប្រែងលើកកម្ពស់ និងអភិវឌ្ឍវិស័យសំបុកត្រចៀកាំកម្ពុជា ដើម្បីបង្កើនកេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here