ព្រះមហាក្សត្រនិងសម្តេចតេជោយាងនិងអញ្ជើញចូលរួមព្រះរាជាពិធីសុំព្រះអគ្គីអាទិទេពកីឡា

0

ដោយៈ សូរិយា

       សៀមរាបៈ ព្រះរាជាពិធីសុំព្រះអគ្គីអាទិទេពកីឡា សម្រាប់ព្រឹត្តិ​ការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់​ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ក៏ដូចជា ពិធីដង្ហែជុំវិញវង់តូចប្រសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ក្រោយព្រះរាជពិធីខាងលើ ព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សាក្នុងចង្កៀងពិសេសមួយ នៅវត្តរាជបូណ៌ ខេត្តសៀមរាប ដើម្បីរង់ចាំពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយនឹងត្រូវចេញពីខេត្តសៀមរាប នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្ពោះទីក្រុងហាណូយ ប្រទេសវៀតណាមមុនគេ ហើយដង្ហែឆ្លងកាត់ប្រទេសជាបន្ដបន្ទាប់ រហូតដល់ប្រទេសឡាវក្រោយគេ មុនត្រឡប់ចូលមកកម្ពុជាវិញ។

បន្ទាប់ពីព្រះអគ្គីអាទិទេពកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គីកីឡា ហើយដង្ហែ តាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា។

ដូច្នេះរាល់ការឈប់សម្រាកនៅប្រទេស ឬរាធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គីអាទិទេពកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គីកីឡា តាមបណ្ដាខេត្ត ជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី៥ ខែឧសភា ខ្ទង់វេលាម៉ោង៨,៣០នាទីយប់ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការ ។

កម្ពុជាមានមោទនភាព ក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្ដួចផ្ដើមព្រះរាជពិធី បួងសួងសុំព្រះអគ្គីអាទិទេពកីឡា ពីព្រះអាទិត្យ នៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ពាសពេញពិភពលោក ក៏ដូចជារៀបចំពិធីដង្ហែនៅក្នុងប្រទេស និងទៅកាន់បណ្ដាប្រទេសនានា ក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ។

ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម- អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។

លើសពីនេះ ព្រះអគ្គីកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនា តាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here