ក្រុមហ៊ុនអាមេរិកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមហ៊ុនអាមេរិក បានបង្ហាញចំណាប់អារម្មណ៍​ចង់វិនិយោគនៅកម្ពុជា ខណៈប្រទេសនេះកំពុងមានកាលានុវត្តន៍ភាពច្រើន ដែលផ្តល់ឲ្យអ្នកធុរកិច្ចនានា នូវបរិយាកាសវិនិយោគកាន់តែប្រសើរ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបួន សារៈមុនី បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ វិនិយោគិនសហរដ្ឋអាមេរិក ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២១ មិនាកន្លងមកនេះ។

ប្រតិភូវិនិយោគិនសហរដ្ឋអាមេរិក ដឹកនាំដោយលោកហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោកហួត គីមឆា ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ លោករដ្ឋលេខាធិការ ដែលបានស្វាមគមន៍ និងទទួលជួបគណៈប្រតិភូរបស់លោកនាឱកាសនេះ ដើម្បីអោយគណៈប្រតិភូលោកបានស្វែងយល់បន្ថែមពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូសហរដ្ឋអាមេរិក ក៏បានសរសើរពីកិត្យានុភាពកម្ពុជា ពិសេសផលិតផលកសិកម្ម ដូចជា ផលិតផលអង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូវិនិយោគិនសហរដ្ឋអាមេរិក និងបានសម្តែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរអោយកត់សម្គាល់ បើទោះជាមានវិបត្តិកូវីតយ៉ាងណាក៏ដោយ។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តខ្ពស់ចំពោះ​ក្រុមហ៊ុនសហរដ្ឋអាមេរិក ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជា ការសហការវិនិយោគជាមួយដៃគូ ក្នុងស្រុកផងដែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា។

លោកសារៈមុនី ក៏បានជម្រាបជូនអំពីស្ថានភាព បរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ក៏ដូចជានីតិវិធីផ្សេងៗ ក្នុងការស្នើសុំបង្កើតក្រុមហ៊ុន រោងចក្រ ធនាគារ និងលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា ដែលមានតម្រូវការខ្ពស់ និងទីផ្សារល្អ។

ទន្ទឹមនឹងនេះដែរ តំណាងក្រុមហ៊ុន Singpoli Group សហរដ្ឋអាម៉េរិកក៏បានធ្វើបទបង្ហាញជូន លោករដ្ឋលេខាធិការ អំពីប្រតិបត្តិការ, ផលិតផលរបស់ក្រុមហ៊ុន និងពានរង្វាន់ដែលក្រុមហ៊ុនទទួលបាន និងជាពិសេសនោះគឺ បានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ ក្នុងការចាប់យកឱកាសវិនិយោគនៅកម្ពុជាតែម្តង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here