វិភាគសង្គមៈ តើគួរេបន្តអត់ឱ​នឲ្យអ្នកបើករថយន្តបញ្រ្ចាសទិសលើផ្លូវល្បឿនលឿនឬទេ?

0

  ដោយៈយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

       ភ្នំពេញៈ ជារឿយៗ មានប្រជាពលរដ្ឋដ៏ឆើតឆាយ បានបើករថយន្តលើផ្លូវល្បឿនលឿនបញ្រ្ចាសទិស ដោយពួកគេទទួលបានការអប់រំ និងផាកពិន័យតាមធម្មតា។

តើពួកគេ គួរទទួលបានការអនុគ្រោះបន្តទៀតឬទេ? ជាសំណួរមួយដែលប្រជាពលរដ្ឋគួរឆ្លើយ និងគួរតែពិចារណា ប៉ុន្តែបើផ្អែកលើទិដ្ឋភាពច្បាប់ ពួកគេគួរទទួលទោស ព្រោះពួកគេបំពានសិទ្ឋ បំពានជីវិតអ្នកដទៃ និងបំពានច្បាប់ចរាចរណ៍។

រឿងគួរឲ្យអៀនខ្មាស់បែបនេះ មិនគួរកើតមានក្នុងសង្គមខ្មែរនោះទេ ហើយពួកគេគួរត្រូវបង្ហាញមុខជាសាធារណៈ ស្លាកលេខរថយន្តរបស់ពួកគេគួរបង្ហាញជាសាធារណៈផងដែរ។

យើងនៅចាំបានថា អំឡុង​បើកសម្ភោធស្ពានជ្រោយចង្វារជាថ្មី បន្ទាប់ពីជួសជុលរួច មានជនបំពានគន្លងផ្លូវសាធារណៈខ្លះ បានរងគ្រោះថ្នាក់ចរាចរណ៍ ដោយសារពួកគេបើកទោចក្រយានយន្ត លើផ្លួវរថយន្ត បើទោះបីពួកគេបានដឹងពីគំនូសចរាចរណ៍រួចទៅហើយក្តី។

ជាក់ស្តែង អ្នកបើកបររថយន្តបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានឃាត់ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធី។

ជនប្រព្រឹត្តទាំងពីរនាក់នេះ បានបើករថយន្តបញ្រ្ចាសទិសលើផ្លូវល្បឿនលឿន កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ ដែលតាមរយៈការបង្ហោះលើផេករបស់ក្រសួងសាធារណៈការ គឺពួកគេមិនមែនជាមនុស្សខ្វះសតិ និងគ្មានធនធាន ​មិនមែនជាមនុស្សមិនបានរៀនសូត្រនោះទេ គឺពួកគេមានរថយន្តទំនើបជិះ ប៉ុន្តែអ្វីដែលពួកគេខ្វះខាត គឺភ្លេចប្រើប្រាស់វិចារណៈញ្ញាណក្នុងភាពជាមនុស្ស ភ្លេចតម្លៃខាងសីលធ៌ម និងការទទួលខុសត្រូវលើជីវិតពួកគេ និងជីវិតអ្នកដទៃ។

តើពួកគេ ប្រដៅ ទូន្មានកូនរបស់ពួកគេយ៉ាងណាទៅ បើក្នុងនាមជាឪពុក​ម្នាក់ ពួកគេមិនបានបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋល្អផងនោះ?។

ការបើករថយន្ត ក្នុងលក្ខខ័ណ្ឌអាក្រក់បែបនេះ គឺពួកគេគ្រាន់តែត្រូវបានក្រុមការងារផ្លូវល្បឿនលឿន ដោយសហការជាមួយនគរបា​លចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីជាធរមាន។

ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

ក្រសួងសូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា។

តម្លៃខាងសីលធ៌ម និងច្បា​ប់

       នៅពេលប្រទេសមួយបង្កើតច្បាប់ ប្រទេសនោះមានគោលដៅ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយក្នុងសង្គម។

មនុស្សមានសិទ្ឋមូលដ្ឋានត្រឹម៤ប៉ុណ្ណោះ គឺសិទ្ឋនៃការរស់រាន សិទ្ឋទទួលបានការអប់រំ សិទ្ឋទទួលបានការការពារ និងសិទ្ឋបញ្ចេញមតិ ប៉ុន្តែនៅពេលពួកគេបំពានសិទ្ឋជាមូលដ្ឋានទាំងនេះ ច្បាប់មានសិទ្ឋចាប់បង្ខំឲ្យគេគោរព ច្បាប់មានសិទ្ឋដាក់ទោសដល់ពួកគេ។

ហេតុនេះ ការបំពានច្បាប់ចរាចរណ៍ លើផ្លូវល្បឿនលឿនបែបនេះ ពួកគេមិនត្រឹមមិនស័ក្តិសមក្នុងនាមជាពលរដ្ឋ នៃប្រទេសស៊ីវិល័យមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេគួរត្រូវបានផ្តន្ទាទោស បើកមុខជាសាធារណៈ ដើម្បីឲ្យពួកគេរាងចាល និងព្រមានដល់អ្នកដទៃទៀត ព្រោះ​ប្រសិនជាការអត់ឱ​នឲ្យជនបែបនេះ វប្បធ៌ម និងទិដ្ឋភាពសង្គមរបស់ប្រជាជាតិនេះ នឹងរងភាពស្លោកស្រពោនមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here