មជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិនៅកម្ពុជាបានបើកដំណើរការហើយ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: សាកលវិទ្យាល័យ Lanmei ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញកាលពីម្សិលមិញនេះបានបើកដំណើរការមជ្ឈមណ្ឌលហោះហើរហាត់ត្រាប់ប្រភេទ Airbus A320 ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជំនាញបណ្តុះបណ្តាល និងមធ្យោបាយផ្សេងៗទៀត។

ការសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក Li Kun ប្រធានក្រុមហ៊ុនអាកាសចរណ៍ Lanmei Aviation Group ដែលមានមូលដ្ឋាននៅប្រទេសចិន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian និងមន្ត្រីរាជការឯទៀតផងដែរ។

លោក Li បានមានប្រសាសន៍ថា មជ្ឈមណ្ឌលហោះហើរអាកាសយានហាត់ត្រាប់អន្តរជាតិ ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងរួមចំណែកដល់ការកសាងសមត្ថភាពធនធានមនុស្សក្នុងឧស្សាហកម្មអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

លោក Li បានអះអាងថា ក្រុមហ៊ុនមេ Lanmei Aviation Group បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ(MLC)។

លោក Li បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលហោះហើរអន្តរជាតិនេះនឹងចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា និងថែមទាំងជួយលើកកម្ពស់ដល់ការតភ្ជាប់ផ្លូវអាកាសនៅក្នុងតំបន់ផងដែរ”។

លោក ម៉ៅ ហាវណ្ណាល់ បានចាត់ទុក “ការបើកមជ្ឈមណ្ឌលនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍ និងធនធានមនុស្សនៅកម្ពុជា”។

លោកបានបន្ថែមថា “ក្នុងនាមជាអ្នកផ្តល់ការបណ្តុះបណ្តាលមួយសម្រាប់ក្រុមហ៊ុនមេ–Lanmei Aviation Group សាកលវិទ្យាល័យ Lanmei នៃកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការកសាងសមត្ថភាពធនធានមនុស្ស និងគាំទ្រតម្រូវការសម្រាប់អាកាសចរណ៍ ដោយសារការយល់ដឹងអំពីសកម្មភាពអាកាសចរណ៍ និងលំហអាកាសកើនឡើងក្នុងចំណោមយុវជនកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here