ដំណឹងល្អ: សម្ដេចតេជោអះអាងថា ជើងហោះហើរពីចិននឹងកើនឡើងដល់៣០០ជើងក្នុងមួយសប្ដាហ៍

0

ដោយ: វឌ្ឍនៈ
ភ្នំពេញ: ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា បន្តិចទៀត ជើងហោះហើរពីប្រទេសចិនមកម្ពុជានឹងកើនឡើងដល់៣០០ជើងក្នុងមួយសប្ដាហ៍ក្រោយពីចិនបានបើកប្រទេសឡើងវិញ ។

សម្ដេចតេជោមានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសទី១ ដែលចិនបើកឡើងវិញ និងអនុញ្ញាតឱ្យទេសចរកម្ពុជាចូលទៅប្រទេសចិន និងអនុញ្ញាតឱ្យចិនមកកម្ពុជា ហើយបើតាមគម្រោងបន្តិចទៀតគឺមួយសប្ដាហ៍៣០០ជើងហោះហើរ ដូច្នេះយើងរំពឹងថាកំណើនភ្ញៀវទេសចរចិនមកកម្ពុជានឹងកាន់តែច្រើន  ។ បើសិនជាក្នុងមួយឆ្នាំកម្ពុជាទទួលបានតែទេសចរ៤ទៅ៥លាននាក់ក្នុងមួយឆ្នាំ គឺវាជាការល្អ ។

សម្ដេចតេជោបន្តទៀតថា សព្វថ្ងៃនេះថៃគេប្រឹងប្រែងទាក់ទាញទេសចរចិនឱ្យបាន១០លាននាក់ សិង្ហបុរីក៏ប្រឹងទាក់ទាញ ប្រទេសណាក៏គេខំទាក់ទាញភ្ញៀវទេសចរចិន ដូច្នេះសូមកុំបន់ឱ្យចិនខ្សោយ បន់ចិនខ្សោយ បន់ឱ្យវៀតណាមខ្សោយហើយក៏កុំបន់ឱ្យអាមេរិកខ្សោយ ពីព្រោះប្រទេសទាំងអស់ត្រូវប្រកួតប្រជែងប្រកបដោយភាពឈ្នះឈ្នះទើបមានការលូតលាស់ទាំងអស់គ្នា ។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចមួយរូបនៅកម្ពុជាបានលើកឡើងថា ចិនជាទេសចរមួយរូប ដែលប្រទេសណាក៏ចង់បានចិនដែរ ពីព្រោះទេសចរចិនជាទេសចរមួយមានការចាយវាយខ្ពស់ ធៀបនឹងបណ្ដាប្រទេសជាច្រើនទៀត ជាក់ស្ដែងទេសចរចិនមកកម្ពុជាជាមធ្យមគេចាយ១២០០ទៅ១៥០០ដុល្លារអាមេរិកក្នុងម្នាក់ ខណៈអឺរ៉ុបចាយតែប្រមាណ៥០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងអំឡុងស្នាក់នៅក្នុងប្រទេសកម្ពុជា ។

លោកបណ្ឌិតបន្តថា ទោះយ៉ាងណាក៏មានប្រជាជនកម្ពុជាមួយចំនួនមានការមិនពេញចិត្តចំពោះឥរិយាបថរបស់ជនជាតិចិននៅកម្ពុជា តែមិនថាតែកម្ពុជាឬប្រទេសណាទេ គឺអាស្រ័យលើការគ្រប់គ្រងរបស់អាជ្ញាធរនិងសមត្ថកិច្ចកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here