ដោយៈ សុខុម
ប្រទេសឡាវ: ទីក្រុងប៉ាកសេ (Pakse) នៃប្រទេសឡាវ នឹងសម្រុកសាងសង់ផ្សាររាត្រី និងផ្លូវថ្មើរជើងថ្មីៗក្នុងទីក្រុងនេះ នៅពាក់កណ្តាលឆ្នាំ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន។
យោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា នេះឱ្យដឹងថា ជុំទី១ នៃការសាងសង់ផ្សាររាត្រី និងផ្លូវថ្មើរជើងថ្មីៗនេះ នឹងចាប់ផ្ដើមពីចំណុចបណ្តោយផ្លូវធំ ក្បែរប្រាសាទវត្តហ្លួង (Wat Luang Temple) លើច្រាំងទន្លេសេដន (SeDon) និងស្ពានសុផានុវង្ស (Souphanouvong Bridge)។
ទីភ្នាក់ងារព័ត៌មានឡាវ (Lao News Agency) បានចុះផ្សាយថា ក្រុមមន្ត្រីមកពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុងប៉ាកសេ បានទៅពិនិត្យមើលផ្សាររាត្រី និងផ្លូវថ្មើរជើងក្នុងរដ្ឋធានីវៀងចន្ទន៍ ក្រុងសាវ៉ាន់ណាខេត (Savannakhet) និងក្រុងហ្លួងព្រះបាង ដើម្បីសង្កេតមើល និងរៀបចំផែនការសម្រាប់ការសាងសង់ នៅទីក្រុងប៉ាកសេ។

មន្រ្តីមន្ទីររំពឹងថា “ផ្សាររាត្រី និងផ្លូវថ្មើរជើងទាំងនេះ នឹងលើកកម្ពស់ ព្រមទាំងជួយគាំទ្រដល់ផលិតផលក្នុងក្រុងនេះ ក៏ដូចជាផលិតផលឡាវ និងបង្កើតប្រាក់ចំណូលសម្រាប់អ្នកក្នុងស្រុក”។
ផ្សាររាត្រី និងផ្លូវថ្មើរជើងក្នុងរដ្ឋធានីវៀងចន្ទន៍ តែងតែក្លាយជាតំបន់ទេសចរណ៍ទាំងសម្រាប់អ្នកស្រុក និងភ្ញៀវទេសចរដែលរីករាយដើរទិញអីវ៉ាន់ និងចំណីអាហារដូចជាភ្លាកំពឹសរស់ សាច់ក្រពើ និងស្រាបៀរ Voun ដែលជាស្រាបៀរចាហួយមួយប្រភេទជាដើម។
ថ្វីបើពេញនិយមយ៉ាងណាក្ដី ក៏ផ្លូវថ្មើរជើងក្នុងរដ្ឋធានៅវៀងចន្ទន៍ នៅតែមានយានយន្តយ៉ាងច្រើន បើកបរឆ្លងកាត់យ៉ាងអាណាធិបតេយ្យ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានដាក់កុងត្រូល ដើម្បីចាំហាមឃាត់មិនឱ្យយានយន្តធ្វើដំណើរ តាមដងផ្លូវថ្មើរជើងទាំងទៀតឡើយនៅពេលល្ងាច៕ Laotian Times៕







