ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង បានបន្ទាបតម្លៃលំនៅដ្ឋានយោង(reference housing prices) សម្រាប់ឆ្នាំនេះ ដែលនឹងបណ្តាលឱ្យមានការធ្លាក់ចុះខ្លាំង នៃពន្ធសម្រាប់ម្ចាស់ផ្ទះ ខណៈរដ្ឋាភិបាលបាននិងកំពុងព្យាយាមទប់ស្កាត់ ការដាំក្បាលចុះនៃតម្លៃអចលនទ្រព្យ។
ក្រសួងហិរញ្ញវត្ថុបានឱ្យដឹង នៅថ្ងៃពុធ ទី២២ ខែមីនានេះថា “តម្លៃយោង ដែលពន្ធលើអចលនទ្រព្យ ត្រូវបានគណនាត្រូវបានកំណត់១៨,៦ភាគរយ ទាបជាងឆ្នាំមុនជាមធ្យម ដែលជាការធ្លាក់ចុះលឿនបំផុតចាប់តាំងពីប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យប្រើក្នុងឆ្នាំ២០០៥ ។
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានអះអាងថា “ជាលទ្ធផលពន្ធអចលនទ្រព្យ លើម្ចាស់ផ្ទះទំនងជានឹងត្រូវកាត់បន្ថយ ក្នុងចន្លោះពី២៩ភាគរយ ទៅ៣៩ភាគរយធៀបនឹងឆ្នាំមុន”។

ក្រសួងដដែលបានឱ្យដឹងទៀតថា ការធ្លាក់ចុះនៃតម្លៃយោងគឺជាផ្នែកមួយនៃលទ្ធផលតម្លៃលំនៅដ្ឋាន ដែលធ្លាក់ចុះនាពេលថ្មីៗនេះ ដោយទិន្នន័យផ្លូវការបង្ហាញថា តម្លៃបានធ្លាក់ចុះក្នុងរយៈពេល៩ខែជាប់ៗគ្នាមកហើយ ចំពេលមានការកើនឡើង នៃអត្រាអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
រដ្ឋាភិបាលកូរ៉េបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃតម្លៃលំនៅឋាន ដើម្បីបញ្ចៀសការដាំក្បាលចុះខ្លាំងពេកនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសរបស់ខ្លួន។
កាលពីដើមឆ្នាំ២០២៣នេះ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមដាក់ចេញនូវវិធានការណ៍ គោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់តម្លៃអចលនទ្រព្យ ដែលធ្លាក់ចុះយ៉ាងខ្លាំង រួមទាំងការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុលើអ្នកទិញផ្ទះនៅក្នុងស្រុក ដែលភាគច្រើននៅរដ្ឋធានីសេអ៊ូល។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង បានទទួលរងនូវការធ្លាក់ថ្លៃខ្លាំងបំផុត នៅក្នុងរយៈពេលយ៉ាងហោចណាស់២ទសវត្សរ៍ និងចំពេលមានការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លា បំផុតរបស់ធនាគារកណ្តាលកូរ៉េ ដើម្បីទប់ទល់នឹងអត្រាអតិផរណា៕







