លោកស៊ី ជីនភីង និងលោក ពូទីន ចេញសេចក្ដីថ្លែងការណ៍រួមប្ដេជ្ញាពួតដៃគ្នាប្រឆាំងសហរដ្ឋអាមេរិក

0

ដោយៈ សុខុម

វៀងចន្ទន៍: ប្រនាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ ទី២១ ខែមីនា ជាមួយនឹងផែនការពង្រឹង ទំនាក់ទំនងទ្វេភាគី ដោយបង្ហាញសញ្ញារួបរួមកម្លាំងគ្នា ដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត។

បន្ទាប់ពីជួបជាមួយលោក វ៉្លាឌីមៀ ពូទីន លោក ស៊ី ជីនភីង បានលើកឡើងក្នុងសន្និសីទកាសែតរួមមួយថា ប្រទេសចិន នឹងបន្តជំរុញឱ្យមាន “សន្តិភាព និងកិច្ចចរចា” ដោយជំរុញឱ្យទីក្រុងមូស្គូ និងអ៊ុយក្រែន បន្តកិច្ចចរចាឡើងវិញ។

ប្រធានាធិបតី ពូទីនបានបន្ថែមថា “ផែនការសន្តិភាព១២ចំណុ​ច” ដែលស្នើឡើងដោយប្រទេសចិន អាចធ្វើជាមូលដ្ឋានសម្រាប់ដំណោះស្រាយចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទោះជាលោកជឿថា អ៊ុយក្រែន និងលោកខាងលិចហាក់ដូចជា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមនៅពេលនេះក្ដី។

មេដឹកនាំទាំងពីរក៏បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យចំនួន៩ រួមទាំងផ្នែកភ័ស្តុភារ និងពាណិជ្ជកម្មរហូតដល់ឆ្នាំ២០៣០។

បន្ថែមពីលើនេះ លោក ពូទីន ក៏បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា លើការដំឡើងបំពង់បង្ហូរឧស្ម័នទី២ ពីរុស្ស៊ី ទៅកាន់ប្រទេសចិន ដែលមានបំណងដឹកបញ្ជូនឧស្ម័នធម្មជាតិ ចំនួន៩៨ពាន់លានម៉ែត្រគូប ទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei Asia។

វិធានការទាំងនេះកើតមានឡើង បន្ទាប់ពីទណ្ឌកម្មជុំទិសដែលទីផ្សារអឺរ៉ុប បានដាក់ទៅលើប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២១៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here