ដោយៈ សុខុម
តូក្យូ: ការស្ទង់មតិរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញកាលពីថ្ងៃពុធ ទី២២ ខែមីនា ថា តម្លៃដីធ្លីក្នុងប្រទេសជប៉ុន បានហក់ឡើង២ឆ្នាំជាប់ៗគ្នាក្នុងល្បឿនលឿនបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨ ដោយសារការបង្ហាញសញ្ញាសេដ្ឋកិច្ចងើបឡើង បន្ទាប់ពីវិបត្តិកូវីដ-១៩។
ការស្ទង់មតិរបស់ក្រសួងដែនដីជប៉ុន បានបង្ហាញថា តម្លៃដីជាមធ្យមបានហក់ឡើង១,៦% ក្នុងឆ្នាំ២០២២ បើធៀបនឹងការហក់ឡើង០,៦%ក្នុងឆ្នាំ២០២១ ជាមួយនឹងទំនោររាលដាល ទៅដល់ទីជនបទ។ តម្លៃដីធ្លីបានហក់ឡើងថ្លៃ ក្នុងល្បឿនលឿនបំផុតចាប់តាំងពី២០០៨ ដែលពេលនោះតម្លៃដីបានហក់ឡើង១,៧%។
លំនៅដ្ឋាននៅក្នុងតំបន់ទីក្រុង មានតម្រូវការខ្ពស់ ដែលមួយផ្នែកដោយសារតែអត្រាការប្រាក់ទាប ខណៈទំនោរនៃការងាកមកធ្វើការងារពីផ្ទះ បានជួយធ្វើឱ្យតម្លៃដី នៅតាមតំបន់ជាយក្រុងហក់ឡើង។ តម្រូវការដីសាងសង់ការិយាល័យ និងអគារខុនដូក៏បានជំរុញឱ្យដីពាណិជ្ជកម្មហក់ឡើងផងដែរ។

ក្រសួងដែនដីដែលបានស្ទង់មតិ នៅប្រមាណ២៦.០០០ទីតាំងក្នុងប្រទេសជប៉ុន បានលើកឡើងថា “ទំនោរតម្លៃដីហក់ឡើងឆ្ពោះទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ បង្ហាញគួរឱ្យកត់សម្គាល់ ខណៈតម្លៃក្នុងតំបន់ទីក្រុងបានបន្តហក់ឡើង និងរាលដាលទៅដល់តំបន់ជនបទដែរ”។
យោងតាមលទ្ធផលស្ទង់មតិបង្ហាញថា តម្លៃដីលំនៅដ្ឋានបានហក់ឡើង១,៤%សម្រាប់ឆ្នាំ២០២២ ដែលជាល្បឿនលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩១ បើធៀបនឹងការហក់ឡើង០,៥% ក្នុងឆ្នាំ២០២១ ហើយនោះ ក៏ដោយសារតែអត្រាការប្រាក់ទាប និងការបន្ធូរបន្ថយពន្ធរបស់រដ្ឋាភិបាលសម្រាប់លំនៅដ្ឋាន។
ការស្ទង់មតិបង្ហាញថា តម្លៃដីពាណិជ្ជកម្មក្នុងប្រទេសជប៉ុន បានហក់ឡើង១,៨% បើធៀបនឹងការហក់ឡើង០,៤% ក្នុងឆ្នាំ២០២១ ដោយសារហាង និងការិយាល័យមានតម្រូវការខ្ពស់។ ទន្ទឹមនេះ ការវិលត្រលប់របស់ភ្ញៀវទេសចរក្នុងស្រុក ទៅកាន់តំបន់ទេសចរណ៍នានាក៏បានជួយឱ្យតម្លៃដីហក់ឡើងផងដែរ។
ការរំពឹងទុកសម្រាប់ការត្រលប់មកវិញ របស់ភ្ញៀវបរទេសក៏បានគាំទ្រដល់តម្លៃដីពាណិជ្ជកម្ម នៅតំបន់ទេសចរណ៍ពេញនិយមមួយចំនួនដូចជា Osaka និងរាជធានីបុរាណ Kyoto ហក់ឡើងផងដែរ បន្ទាប់ពីការបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ-១៩៕ Reuters៕






