ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបន្តបន្ទាប់ចាប់ផ្ដើមមានបញ្ហាជាមយនឹងប្រព័ន្ធ ច្បាប់ ដោយក្នុងនោះមានក្រុមហ៊ុនអភិវឌ្ឍន៍ពីរត្រូវបាននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ កោះអញ្ជើញឱ្យមកបង់ប្រាក់ពិន័យរាប់រយលានរៀល ដោយសារតែការអភិវឌ្ឍន៍គម្រោងលំនៅឋានមិនមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ។

យោងតាមសេចក្ដីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានកោះអញ្ជើញក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានពីរចូលខ្លួនមកបង់ប្រាក់ពិន័យដែលក្រុមហ៊ុនទាំងពីរនេះ អភិវឌ្ឍន៍លំនៅឋានមិនមានអាជ្ញាបណ្ណ ។
សេចក្ដីជូនដំណឹងមួយរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញផ្សាយកាលសប្ដាហ៍មុនបានអញ្ជើញក្រុមហ៊ុន សុវណ្ណារី អេសវី វីឡា ឱ្យចូលខ្លួនបង់ប្រាក់ពិន័យចំនួន៤០០លានរៀលពីការអភិវឌ្ឍដែលមិនមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំរហូតដល់៤គម្រោង ។

គម្រោងទាំង៤របស់ក្រុមហ៊ុននេះ រួមមានសុវណ្ណារី វីឡាទី១ នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល គម្រោងសុវណ្ណារី វីឡាទី២ នៅភូមិជ្រែពពែ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គម្រោងសុវណ្ណារី វីឡាទី៣ នៅភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ និងគម្រោងសុវណ្ណារីវីឡាទី៤ នៅភូមផ្លាង សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ដោយឡែកនៅថ្ងៃជាមួយគ្នានោះដែរ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ក៏បានកោះអញ្ជើញក្រុមហ៊ុនមួយទៀតគឺ ក្រុមហ៊ុនបុរី វីឡាលាភសំណាង ដែលមានទីតាំងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ឱ្យចូលខ្លួនបង់ប្រាក់ពិន័យចំនួន១០០លានរៀល ដែលក្រុមហ៊ុនបានធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋានដោយពុំមានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ។
តាមរយៈលិខិតរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនេះដែរក៏ជាសារដាស់តឿនដល់ពលរដ្ឋទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍នានាឱ្យមានការប្រុងប្រយ័ត្ននិងសួរនាំដល់អ្នកលក់ពីអាជ្ញាបណ្ណប្រកដោយអាជីវកម្ម លើគម្រោងនីមួយៗ ពីព្រោះថានៅពេលគម្រោងនោះមានបញ្ហាគឺអាជ្ញាធរនឹងពិបាកក្នុងការដោះស្រាយជូនអតិថិជនដែលជាអ្នកទិញលំនៅឋាននោះណាស់ ៕







