ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ក្នុងន័យធ្វើពិពិធកម្ម ការអភិវឌ្ឍន៍ រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់រាម ជាទីក្រុងថ្មី និងក្រុងព្រះសីហនុជាទីក្រុងចាស់មួយ។
ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះ ដោយលោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ។
លោកបន្តថា “រដ្ឋាភិបាលនឹងរៀបចំតំបន់រាម ជាទីក្រុងថ្មីមួយ ក្នុងផែនការនៃការប្រែក្លាយ ខេត្តព្រះសីហនុ ជាទីក្រុងពហុបំណង ដែលផែនការនេះ បាននិងកំពុងពន្លឿន”។ លោកបន្តថា “ផែនការនេះ មានគោលដៅ ដើម្បីទាក់ទាញលំហូរFDIបន្ថែម ចូលមកកាន់ទីក្រុងនេះ”។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ បាននិងកំពុងបង្ហាញសញ្ញា ល្អប្រសើរឡើងវិញបណ្តើរៗហើយ ស្របពេលការបើកដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ធ្វើដំណើរទៅទស្សនាខេត្តនេះកាន់តែច្រើន។
អ្នកស្រីបន្តថា “ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរណ៍បរទេស អ្នកវិនិយោគចិនបានវិលត្រលប់ មកមើលអាគារពួកគេផងដែរ”។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរីកចម្រើននៃវិស័យទេសចរណ៍ គោលនយោបាយរបស់រដ្ឋាភិបាល និងការមកដល់របស់អ្នកវិនិយោគអន្តរជាតិដូចជា ចិន កូរ៉េ ជប៉ុន បាននិងកំពុងជួយទីផ្សារខុនដូ នៅក្រុងព្រះសីហនុ កាន់តែមានសកម្មភាពប្រសើរឡើងទាក់ទងនឹងការទិញ លក់៕







