ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានជម្រុញនូវការងារថ្មីមួយ ដែលចាប់ផ្តើមពីអ្នកផលិត ដល់ទីផ្សារ ដែលនេះជាផ្នែកមួយនៃការកាត់បន្ថយនិតិវិធីនានា។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ព៌តមានលំអិត ពីយន្តការការងារនេះ នឹងធ្វើដូចម្តេច និងចាប់ផ្តើមពីពេលណាឡើយ។
-->
ថ្លែងក្នុងពិធីបើកសន្និបាតក្រសួងកសិកម្មឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ លោកឌិត ទីណាបានណែនាំមន្ត្រីឱ្យយកចិត្តទុកដាក់ លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍ និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អ។

លោកបានបន្តថា យើងត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់ តាមកិច្ចសន្យាព្រោះការងារនេះ នឹងជួយដល់កសិករ ដែលមិនទាន់មានទីផ្សារ និងគ្មានខ្សែបណ្តាញ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំ ឲ្យយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួន ដោយក្នុងនោះត្រូវផ្តោត លើការអភិវឌ្ឍធនធានទាំងក្នុង និងក្រៅក្រសួង ដើម្បីទទួលបានធនធានប្រកបដោយសក្តានុពលពិតប្រាកដ។ ត្រូវជំរុញការស្រាវជ្រាវបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដោយត្រូវគិតពីការបន្ថយចំណាយបង្កើនផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច ដោយមិនប្រកួតប្រជែងបរិមាណតែគិតពីគុណភាពជាសំខាន់។
លោកឌិត ទីណា បញ្ជាក់ថា ត្រូវយកចិត្តទុកដាក់លើសហគមន៍កសិកម្ម ដោយផ្តល់ការគាំទ្រទាំងបច្ចេកទេស និងសេដ្ឋកិច្ច ក្នុងការចងក្រងសហគមន៍ និងមានក្បាលម៉ាស៊ីនដឹកនាំឱ្យបានល្អ ក្នុងខ្សែចង្វាក់ផលិតកម្ម តាំងពីអ្នកផលិតរហូតទីផ្សារ ដោយក្នុងនោះត្រូវធ្វើការកំណត់ទីផ្សារ និងមានផែនការផលិតច្បាស់លាស់តាមកិច្ចសន្យា។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានរំឭកនិងលើកទឹកចិត្តដល់អង្គសន្និបាតប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព ដើម្បីពិភាក្សាប្រមូលធាតុចូល ក្នុងការរៀបចំគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម៕