ច្បាប់កាត់បន្ថយពន្ធ១៥ភាគរយលើដី និងអគារនៅប្រទេសថៃ បានចូលជាធរមានហើយ

0

ដោយ: គង់ លាងហួរ

បាងកក: លោក Pornchai Thiraveja អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានមានប្រសាសន៍ថា ការកាត់បន្ថយពន្ធលើដី និងអគារចំនួន១៥ភាគរយ បានចូលជាធរមានហើយ ក្រោយពីគណៈរដ្ឋមន្ត្រីបានអនុម័តក្រឹត្យ កាត់បន្ថយពន្ធកាលពីខែធ្នូ ឆ្នាំ២០២២។

ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ដោយ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១៩ ខែ​មីនា។ ច្បាប់នេះ អនុវត្តចំពោះការបង់ពន្ធនៅឆ្នាំនេះសម្រាប់ដី និងអគារ រួមទាំងដីស្រែចំការ ដីលំនៅដ្ឋាន ដីពាណិជ្ជកម្ម និងដីទំនេរ។

ប្រភេទដីមួយចំនួន ដែលត្រូវធ្លាប់បានផ្តល់ការកាត់បន្ថយពន្ធ៥០ភាគរយក្រោមក្រិត្យមុន ពួកគេនឹងទទួលបានការកាត់បន្ថយពន្ធ១៥ភាគរយនេះ បន្ថែមពីលើការកាត់ពន្ធ៥០ភាគរយ ដែលរួម​បញ្ចូល​ទាំង​ដី​សម្រាប់​ទំនប់​វារីអគ្គិសនី។

ទោះជាយ៉ាងណាក្តី ដីឡូតិ៍មួយចំនួនដែលទទួលបានការកាត់ពន្ធ៩០ភាគរយ នឹងមិនមានសិទ្ធិទទួលបាន ការកាត់បន្ថយពន្ធ១៥ភាគរយតាមក្រឹត្យថ្មីនេះទេ។ ពួកគេរាប់បញ្ចូលទាំងដីដែលបានបែងចែកសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ដែលបានទទួលការកាត់ពន្ធ៩០ភាគរយ សម្រាប់រយៈពេលអតិបរមា៣ឆ្នាំ។

លោក Pornchai បានអះអាងថា “ការកាត់បន្ថយពន្ធថ្មីចុងក្រោយនេះ ធ្វើឱ្យអាជ្ញាធរក្នុងតំបន់ចំណាយ ប្រាក់អស់៦,២៨ពាន់លានបាត ដែលការិយាល័យថវិកានឹងទូទាត់សង”។

រដ្ឋាភិបាល​ថៃបាន​កាត់​ពន្ធ​ ដី​និង​អគារ​ចំនួន៩០% ក្នុង​អំឡុង​ឆ្នាំ២០២០-២០២១ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត ប៉ុន្តែរដ្ឋាភិបាល ​មិន​បាន​បន្តអូសបន្លាយពេល ​កាត់​បន្ថយ​ពន្ធ៩០ភាគរយនេះ ដោយសារ​បន្ទុក​សារពើពន្ធ។

យោងតាមការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ ការកាត់បន្ថយពន្ធបានធ្វើឱ្យរដ្ឋខាតបង់ថវិកា ប្រហែល៣០ពាន់លានបាត(ប្រហែល៨៧៥,៨៨លានដុល្លារ)នៅក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here