កង្វះកម្លាំងពលកម្ម និងថ្លៃដើមផលិតកម្មខ្ពស់នៅតែជាឧបសគ្គ ចំពោះអាជីវកម្មនានានៅឡាវ

0

ដោយៈ សុខុម

វៀងចន្ទន៍: វិទ្យាស្ថានស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច (MRI) កាលពីពេលថ្មីៗនេះ បានធ្វើការស្ទង់មតិ ដើម្បីកំណត់ឱ្យឃើញនូវឧបសគ្គធំៗដែលអាជីវកម្មនានា កំពុងជួបប្រទះនៅក្នុងប្រទេសឡាវ។

យោងតាមលទ្ធផលនៃការស្ទង់មតិបង្ហាញថា ឧបសគ្គចម្បងៗដែលត្រូវបានរកឃើញ គឺថ្លៃដើមផលិតកម្មខ្ពស់ ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណជាតិ KIP និងការលំបាកក្នុងការជ្រើសរើសបុគ្គលិក។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហ​ស្បតិ៍ ទី២៣ ខែមីនា។

ថ្វីបើការស្ទង់មតិនេះ បានបង្ហាញពីភាពប្រសើរឡើង មួយចំនួននៅក្នុងការខិតខំប្រឹងប្រែង ជ្រើសរើសបុគ្គលិកយ៉ាងណាក្ដី ក៏វានៅតែជាឧបសគ្គដ៏ធំ សម្រាប់អាជីវកម្មនានា នៅក្នុងប្រទេសឡាវ ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។

ការធ្លាក់ថ្លៃរូបិយប័ណ្ណជាតិ KIP ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងផងដែរ ដោយប្រាក់ឈ្នួលអប្បបរមាប្រចាំខែ នៅប្រទេសឡាវ ទាបជាងប្រទេសថៃ រហូតដល់ទៅ៤ដង ដែលបណ្តាលឱ្យពលរដ្ឋឡាវ ជាច្រើនធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីស្វែងរកការងារដែលផ្ដល់ប្រាក់ខែជាង។

កត្តានេះបានបណ្តាលឱ្យមានការខ្វះខាត កម្លាំងពលកម្មសម្រា​ប់អាជីវកម្មមួយចំនួន ដោយ២៤,៦%នៃអ្នកឆ្លើយសំណួរ បានរាយការណ៍ថា ពួកគេជួលបុគ្គលិកមិនបាន និងរក្សាប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមិនបាន។

លើសពីនេះ ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិ KIP ក៏បានប៉ះពាល់ដល់ថ្លៃដើម ផលិតកម្មប្រចាំថ្ងៃសម្រាប់អាជីវកម្ម ដែលមិនទទួលបានប្រាក់ចំណូល ជារូបិយប័ណ្ណបរទេសផងដែរ ដោយបង្ខំឱ្យពួកគេដំឡើងថ្លៃ និងលក់ផលិតផលដាច់តិចជាងមុន។

ការស្ទង់មតិក៏បានបង្ហាញផងដែរថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច មិនប្រាកដប្រជា និងថ្លៃផលិតកម្ម និងថ្លៃប្រតិបត្តិការខ្ពស់ បើធៀបនឹងត្រីមាសទី៤ ចុងឆ្នាំ២០២២។

កត្តាអតិផរណាដូចជាសាច់ហក់ឡើងថ្លៃខ្ពស់ជាដើម បានធ្វើឱ្យភោជនីយដ្ឋានជាច្រើនក្នុងប្រទេសឡាវ គ្មានជម្រើសក្រៅពីការដំ​ឡើ​ងថ្លៃ។ ការចំណាយលើការធ្វើអាជីវកម្ម នៅក្នុងប្រទេសនេះក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារកត្តាមួយចំនួន ដូចជា ការឡើងថ្លៃប្រេងនាំចូល ចំណីសត្វ ជី និងគ្រឿងចក្រជាដើម៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here