តម្រូវការប្រើប្រាស់ទឹកស្អាតនៅភ្នំពេញកើនឡើងដល់ជិត៩០ម៉ឺនម៉ែត្រគូបនិងកំពុងខ្វះខាតទឹកនៅតំបន់ជាយក្រុង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តម្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៣ តម្រូវប្រើប្រាស់ទឹកស្អាតមានរហូតដល់៨៩ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបានតែ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ក្នុងមួយថ្ងៃ និងកំពុងមានការខ្វះខាតទឹកនៅតំបន់មួយចំនួនជាពិសេសនៅតំបន់ជាយក្រុង ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញ មាននិន្នាការខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ និងចាប់ផ្ដើមខ្វះទឹកប្រើប្រាស់ចាប់ពីឆ្នាំ ២០១៨រហូតដល់ឆ្នាំ ២០២៣ ។ នៅក្នុងឆ្នាំ ២០២៣នេះ តម្រូវការប្រើប្រាស់ទឹកបានកើនឡើងដល់៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតទឹកជាក់ស្ដែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ក្នុងមួយថ្ងៃ ពោលគឺកំពុងខ្វះខាតទឹកផ្គត់ផ្គង់ប្រមាណ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល និងក្រុមប្រឹក្សាភិបាល បានជួយគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្ដល់ទុនវិនិយោគដើម្បីឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកចាយទឹកថ្មីជិត១ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាទឹកជាជំហានៗ ឱ្យខាងតែបានចាប់ពីឆមាសទី២ឆ្នាំ ២០២៣នេះតទៅ ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២៤តទៅ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹស្វយ័តក្រុងភ្នំពេញ មានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍ តម្រូវការទឹកដែលមានប្រមាណ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានន័យថាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់ នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានបង្ហាញពីតំបន់ដែលកំពុងខ្វះខាតទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំ ២០២៣នេះ រួមមានសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ ៦សង្កាត់នៅខណ្ឌសែនសុខ សង្កាត់គោករការ សង្កាត់ក្រាំងធ្នង់ សង្កាត់សំរោងក្រោមនៃខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្នោ សង្កាត់ភ្លើងឆេះរទេះ សង្កាត់ពងទឹក សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ចោមចៅ១ ២ និង៣ សង្កាត់កាកាប១និង២ សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ជើង សង្កាត់ស្ទឹងមានជ័យ១ ២ និង៣ សង្កាត់ព្រែកកំពិស សង្កាត់ព្រែកហូរ សង្កាត់ស្វាយរលំ សង្កាត់ព្រែកថ្មី និងសង្កាត់ក្បាលកោះ ។

បើតាមការសិក្សារបស់UNDP បានឱ្យដឹងថាកំណើននៃការសាងសង់អគារខ្ពស់ៗ និងកំណើនលំនៅឋាននៅក្នុងរាជធានីភ្នំពេញ បានធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ទឹកស្អាត និងភ្លើងអគ្គិសនីមានការកើនឡើងខ្ពស់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here