រដ្ឋបាលពិសេសហុងកុង ប្រកាសវិធានការជាច្រើនដើម្បីទាក់ទាញការិយាល័យគ្រួសារអ្នកមានស្តុកស្តម្ភ

0

ដោយ: គង់ លាងហួរ
ហុងកុង: រដ្ឋបាលទីក្រុងហុងកុងបានប្រកាសពីវិធានការជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ ដើម្បីទាក់ទាញការិយាល័យគ្រួសារអ្នកមានទ្រព្យស្តុកស្តម្ភឱ្យមកបង្កើតទីតាំងនៅទីនេះ ខណៈដែលអាជ្ញាធរព្យាយាមស្តារទំនុកចិត្តអាជីវកម្ម និងទាក់ទាញវិនិយោគិនឡើងវិញ ក្រោយពីវិធានការកូវីដដ៏តឹងតែងរយៈពេល៣ឆ្នាំ។

រដ្ឋបាលហុងកុងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងការធ្វើចំណាកស្រុកនៃការវិនិយោគដែលត្រូវបានកែលម្អ សម្បទានពន្ធថ្មី និងការលើកទឹកចិត្តផ្សេងៗ ដូចជាឃ្លាំងស្តុកសិល្បៈនៅឯអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងនឹងក្លាយជាផ្នែកមួយនៃការផ្តល់ជូនសម្រាប់ការិយាល័យគ្រួសារនៅក្នុងតំបន់រដ្ឋបាលពិសេសរបស់ចិន។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ ស្របពេល​ដែល​អតីត​អាណានិគម​អង់គ្លេស​រៀបចំ​កិច្ច​ប្រជុំ​កំពូល Wealth for Good នៅ​ថ្ងៃ​សុក្រ ដែល​ខ្លួន​បាន​និយាយ​ថា​មាន​ការ​ចូល​រួម​ពី​ការិយាល័យ​គ្រួសារ និង​តួអង្គអាជីវកម្ម​ល្បីៗជាង១០០ ដូចជានាយកប្រតិបត្តិ Yahoo លោក Jerry Yang មហាសេដ្ឋី Richard Li លោក Robert Rosen នៃមូលនិធិ Bill and Melinda Gates និងលោក Neil Shen ស្ថាបនិកដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Sequoia China ។

លោក Paul Chan លេខាធិការហិរញ្ញវត្ថុរបស់ទីក្រុងបានមានប្រសាសន៍ថា “សេចក្តីថ្លែងការណ៍គោលនយោបាយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍទីក្រុងហុងកុងទៅជាមជ្ឈមណ្ឌលការិយាល័យគ្រួសារឈានមុខគេនៅលើពិភពលោក”។

លោក Paul Chan បានបន្តថា “នេះនឹងជួយជំរុញវិស័យហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ក៏ដូចជាវិស័យនានា រួមទាំងបច្ចេកវិទ្យា បៃតង សិល្បៈ វប្បធម៌ និងសប្បុរសធម៌ផងដែរ”។

លោក John Lee នាយកប្រតិបត្តិហុងកុង បានមានប្រសាសន៍កាលពីឆ្នាំ២០២២ថា “លោកបានកំណត់គោលដៅទាក់ទាញការិយាល័យគ្រួសារធំចំនួន២០០ឱ្យមកបង្កើតទីតាំងនៅទីក្រុងហុងកុងនៅឆ្នាំ២០២៥”។

ការជំរុញរបស់ក្រុងហុងកុងក្នុងការទាក់ទាញគ្រួសារអ្នកមានស្តុកស្តម្ភ បានកើតមានឡើង ខណៈបុគ្គល និងក្រុមហ៊ុនដែលមានទ្រព្យសម្បត្តិជាច្រើនបានផ្លាស់ប្តូរទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលជាគូប្រជែងរបស់ខ្លួនដូចជាសិង្ហបុរី  បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងក្នុងឆ្នាំ២០២០។

ការផ្លាស់ប្តូរនេះត្រូវបានពន្លឿន ដោយសារការទប់ស្កាត់ជំងឺឆ្លងដ៏តឹងរ៉ឹង ដែលបានបិទព្រំដែនរបស់ទីក្រុងហុងកុង  និងផ្តាច់ចេញពីពិភពលោកទាំងមូល ដោយសារការអនុវត្តតាមគោលនយោបាយសូន្យកូវីដរបស់ប្រទេសចិន។

លើសពីនេះ ទីក្រុងហុងកុងក៏បានព្យាយាមធ្វើឱ្យរូបភាពរបស់ខ្លួនមានភាពស្រស់ថ្លាឡើងវិញ ដោយរៀបចំព្រឹត្តិការណ៍ និងសន្និសិទជាបន្តបន្ទាប់ដែលរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here