ការពង្រីកនិងលើកកំពស់ផ្លួវលេខ៣៣សម្រេចបានជិត២០ភាគរយហើយ

0

 

      ដោយៈ គង់ សូរិយា

       កំពតៈ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣(ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល១៩%ហើយ គិតរហូតមកទល់ពេលនេះ។

ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនដឹកនាំដោយលោកទេស តារារ័ត្នអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណៈការកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ នៃគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក។

ការចុះពិនិត្យនាឱកាសនេះ អនុវត្តស្របតាមទិសដៅដែលក្រុមការងារបានរៀបចំឡើង ក្នុងការពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស់គម្រោងនេះ ធានាឱ្យបានគុណភាពផ្លូវថ្នល់ ស្របតាមបទដ្ឋាន សំដៅបម្រើប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

គិតចាប់ពីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បច្ចុ​ប្បន្នគម្រោងនេះ សម្រេចលទ្ធផលសាងសង់បានប្រមាណ១៩% ហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។

ក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ក៏បានពាំនាំមតិផ្តាំផ្ញើរបស់លោកប៉ាល់ ចន្ទតារា ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង (PMU) ណែនាំដល់ក្រុមហ៊ុន CRBC ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ពិសេសត្រូវគិតគូរឱ្យបានហ្មត់ចត់ ពីសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដោយក្រុមហ៊ុនត្រូវពិនិត្យបន្ថែម លើការដាក់ផ្លាកសញ្ញាជូនដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខាន ដល់បងប្អូនប្រជាពលរដ្ឋ។

ដោយហេតុថាគម្រោងនេះ កំពុងស្ថិតក្នុងការសាងសង់នៅឡើយ ក្រសួងសូមស្នើការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីបងប្អូនប្រជាពលរដ្ឋដែលទទួលរងការរំខាន និងផលប៉ះពាល់ផ្សេងៗពីគម្រោងការដ្ឋាន។ ជាមួយគ្នានេះ ក្រសួងក៏សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់​ខ្ជួន សូមកុំបើកបរក្នុងស្ថានភាពស្រវឹង ឬបើកបរលើសល្បឿនដែលកំណត់ដោយច្បាប់ និងសូមគោរពសញ្ញាចរាចរណ៍ ដែលបានកំណត់ដាក់ជូន ដើម្បីសុខសុវត្ថិភាព និងជៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាច​រណ៍កើតមានឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here