អ្នកជំនាញអះអាងថាវិស័យអចលនទ្រព្យ​នៅកម្ពុជាកម្រើកឡើងវិញបន្តិចបន្តួចនៅដើមឆ្នាំ២០២៣

0

 

       ដោយៈ រតនៈ

ភ្នំពេញៈ បើទោះជាកូវីដ-១៩ ហាក់ស្ងប់ស្ងាត់ទៅវិញហើយក្តី​ ប៉ុន្តែអ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា មិនមានសកម្មភាពកម្រើកខ្លាំង គួរឱ្យកត់សម្គាល់នោះទេ ខណៈដែលអ្នកវិនិយោគធំៗកំពុងតែឃ្លាំមើលនៅឡើយ។

លោកឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានប្រាប់ propertyareas.asiaកាលពីរសៀលថ្ងៃទី២៤ មិនានេះថា នៅដើមឆ្នាំ២០២៣នេះ​ការជួលអច​លនទ្រព្យហាក់ម្រើកឡើងបន្តិចបន្តួច ខណៈដែលចិនបានបើកការហោះហើរមកកាន់ប្រទេសកម្ពុជា ការិយាល័យ និងសណ្ឋាគារ មួយចំនួនបានបើកធ្វើដំណើរការហើយ។

លោកបន្តថា ​ការកម្រើកឡើងវិញនេះ មិនមានអ្វីជាដុំកំភួននោះទេ សម្រាប់វិស័យអចលនទ្រព្យនោះទេ ដែលករណីនេះលោកថាប្រជាពលរដ្ឋ កុំទាន់ពុះកញ្ជ្រោលរឿងអចលនទ្រព្យ ប្រសិនបើហិរញ្ញ វត្ថុរបស់ពួកគាត់មិនទាន់មានភាពគ្រប់គ្រាន់ ជាពិសេសគឺការខ្ចីប្រាក់មកវិនិយោគលើវិស័យអចលនទ្រព្យពេលនេះ។

ចំណែកលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែកថា វិស័យអចលនទ្រព្យនៅដើមឆ្នាំ២០២៣នេះ ហាក់នៅទ្រឹង បើទោះជាមានការការលក់ដូរបានមួយចំនួនក្តី ជាពិសេសដីឡូត៍ដែលនៅតំបន់ជាយក្រុង និងដីធ្លីដែលដាក់លក់ប្រញាប់។

លោកបន្តថា “យ៉ាងនេះក្តីប្រសិនបើមានការទិញដូរ ជាបន្តបន្ទាប់គឺអាចនឹងមានការវិនិយោគធំៗ ចូលមកក្នុងវិស័យអចលនទ្រព្យនេះ”។ លោកឱ្យដឹងថា “សព្វថ្ងៃមានក្រុមអ្នកវិនិយោគមួយចំនួនបាន និងកំពុងឃ្លាំមើលស្ថានភាពអចលនទ្រព្យនៅកម្ពុជា មុននឹងសម្រេចថា​ ដាក់ទុនវិនិយោគលើវិស័យមួយនេះ ខណៈដែលក្នុងកំឡុងពេលកូវីដ-១៩ គឺមិនមានឡើងសូម្បីការឃ្លាំមើល លើវិស័យអចលនទ្រព្យនេះ”។

យោងតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៥១០គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here