ទីក្រុង​សៀងហៃ​កំណត់​គោលដៅជម្រុញកំណើនលើការ​វិនិយោគ​អចលនទ្រព្យ​កើនឡើង៥ភាគរយ

0

 

ដោយ: គង់ លាងហួរ

ប៉េកាំងៈ យោងតាមការិយាល័យគ្រប់គ្រងលំនៅដ្ឋាន របស់ទីក្រុងបានឱ្យដឹងថា ទីក្រុងសៀងហៃ បានគោលដៅកំណើន៥ភាគរយនៅក្នុងការវិនិយោគអចលនទ្រព្យ នៅឆ្នាំ២០២៣នេះ បន្ទាប់ពីការវិនិយោគ ក្នុងវិស័យអចលនទ្រព្យរបស់ទីក្រុងនេះ បានធ្លាក់ចុះ១,១ភាគរយក្នុងឆ្នាំ២០២២។

ទីក្រុងដែលមានប្រជាជនរស់នៅ ចំនួន២៦លាននាក់នេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការបិទខ្ទប់យ៉ាងតឹងរ៉ឹងកាលពីមួយឆ្នាំមុន ដោយបានទប់ស្កាត់អ្នកទិញអចលនទ្រព្យ មិនឱ្យចេញពីផ្ទះ និងរំខានដល់ការសាងសង់ របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាផងដែរ។

ការិយាល័យខាងលើនេះបានឱ្យដឹង នៅក្នុងសេចក្តីជូនដំណឹងជាសាធារណៈថា ទីក្រុងសៀងហៃកំពុងខិតខំ សម្រេចបាននូវកំនើន៥ភាគរយ នៅក្នុងការវិនិយោគអចលនទ្រព្យនៅឆ្នាំនេះ ហើយនឹងអនុញ្ញាតឱ្យវិស័យនេះ ដើរតួនាទីយ៉ាងមានប្រសិទ្ធភាព ក្នុងការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ហេតុនោះត្រូវបានគេរំពឹងថា វានឹងបង្កើនការវិនិយោគអចលនទ្រព្យរបស់ទីក្រុងសៀងហៃ ដល់ប្រហែល៥២៣ពាន់លានយ័ន(៧៦,៣៧ពាន់លានដុល្លារអាមេរិក)។

សេចក្តីជូនដំណឹងនោះបានបន្តឱ្យដឹងទៀតថា “ទីក្រុងសៀងហៃនឹងធ្វើការដើម្បីរក្សាស្ថិរភាពតម្លៃដីធ្លី តម្លៃផ្ទះ ការរំពឹងទុក ថែមទាំងការពារ និងកាត់បន្ថយហានិភ័យ នៅក្នុងទីផ្សារអចលនទ្រព្យផងដែរ”។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ បានបង្ហាញថា ការវិនិយោគលើអចលនទ្រព្យ របស់អ្នកអភិវឌ្ឍន៍នៅទូទាំងប្រទេសបានធ្លាក់ចុះ៥,៧ភាគរយ នៅក្នុងខែមករាដល់ខែកុម្ភៈ ដែលនោះជាការស្ទុះងើបឡើងវិញ បើធៀបនឹងការធ្លាក់ចុះ១២ភាគរយ នៅក្នុងខែធ្នូ និងការធ្លាក់ចុះ១០ភាគរយ សម្រាប់ពេញមួយឆ្នាំ២០២២កន្លងទៅ។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកបង្កើតគោលនយោបាយបានអះ​អាងថា ហានិភ័យនៅតែមាន នៅក្នុងទីផ្សារអចលនទ្រព្យ។ ប្រាក់ចំណូលពីការលក់ដីរបស់រដ្ឋ បានធ្លាក់ចុះបន្ថែមទៀត ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះ ដែលបង្ហាញថាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅតែមានការប្រុងប្រយ័ត្ន ទោះបីជាអាជ្ញាធរបានបង្កើនការគាំទ្រ ដើម្បីជួយពួកគេទប់ទល់នឹងការខ្វះខាតផ្នែកហិរញ្ញវត្ថុយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here