នាយកប្រតិបត្ដិអាមេរិក កំពូលៗរួមទាំង CEO របស់ Apple នឹងចូលរួមកិច្ចប្រជុំកំពូលនៅចិន ស្របពេលមានបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់

0

សុខុម

ប៉េកាំង: លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple នឹងស្ថិតក្នុងចំណោមនាយកប្រតិបត្តិអាមេរិក កំពូលៗដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលមួយរៀបចំដោយរដ្ឋាភិបាលចិន នៅក្នុងប្រទេសចិន នាចុងសប្តាហ៍នេះ។

ការចូលរួមរបស់នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក កំពូលៗទាំងនេះគឺដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេចំពោះទីផ្សារប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ស្របពេលក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ប្រឈមនឹងហានិភ័យនានា និងការកែសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែមីនា នេះ។

នាយកប្រតិបត្តិអាមេរិក កំពូលៗដែលនឹងរួមដំណើរជាមួយលោក Tim Cook នាយកប្រតិបត្តិ Apple ដែលក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកដើម្បីចូលរួមក្នុងវេទិកាអភិវឌ្ឍន៍ចិន (China Development Forum (CDF)) រួមមានលោក Jon Moeller នាយកប្រតិបត្តិក្រុមហ៊ុនទំនិញប្រើប្រាស់ដ៏ធំ Procter & Gamble លោក Stephen Schwarzman នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Blackstone និងលោក Ray Dalio ស្ថាបនិកមូលនិធិការពារហានិភ័យធំបំផុតរបស់ពិភពលោក Bridgewater Associates ផងដែរ។

កិច្ចប្រជុំរយៈពេល២ថ្ងៃដែលគេមើលឃើញថាជាការឆ្លើយតបរបស់ទីក្រុងប៉េកាំង ចំពោះកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នេះនឹងក្លាយជាកិច្ចប្រជុំ CDF ដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំមកនេះចាប់តាំងពីការផ្ទុះវិបត្ដិកូវីដ-១៩។

នាយកប្រតិបត្តិចម្រុះជាតិសាសន៍ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ ដែលប្រារព្ធឡើងនៅអគារការទូត Diaoyutai State Guesthouse ក្នុងទីក្រុងប៉េកាំង នេះគ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច និងមន្ត្រីកំពូលរបស់ប្រទេសចិន ហើយពួកគេអាចនឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន ឡើងកាន់តំណែងថ្មីលោក Li Qiang ផងដែរ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here