វិនិយោគិនសកលបង្ហាញសញ្ញានៃការងាកចេញរបស់ពួកគេពីវិស័យអចលនទ្រព្យជប៉ុន

0

ដោយ: គង់ លាងហួរ
តូក្យូ: ប្រាក់ពីអ្នកវិនិយោគអន្តរជាតិបានជួយជំរុញការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអចលនទ្រព្យនៅប្រទេសជប៉ុន ប៉ុន្តែលំហូរចូលនៃមូលនិធិបានធ្លាក់ចុះនាពេលថ្មីៗនេះ ចំពេលមានភាពតានតឹងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានរាយការណ៍ឱ្យដឹងថា តម្លៃដីជប៉ុនបានកើនឡើងក្នុងអត្រាលឿនបំផុតក្នុងរយៈពេល១៥ឆ្នាំ។ ចំណែក តម្លៃអចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងតូក្យូ ណាហ្គោយ៉ា និងអូសាកា បានបង្ហាញពីការកើនឡើងដ៏ធំបំផុតមួយចំនួននៅក្នុងឆ្នាំនេះ។

យោងតាមក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE បានឱ្យដឹងថា ដោយសារតម្លៃប្រាក់យ៉េនចុះថោកខ្លាំង វិនិយោគិនអន្តរជាតិបានចំណាយថវិកាប្រហែល១,៣៥ទ្រីលានយ៉េន(១០,២ពាន់លានដុល្លារ)ក្នុងឆ្នាំ២០២២ទៅលើវិស័យអចលនទ្រព្យរបស់ជប៉ុន ពោលគឺកើនឡើង១២ភាគរយធៀបនឹងឆ្នាំ២០២១។

ប៉ុន្តែនៅក្នុងត្រីមាសទី៤ ការវិនិយោគបានដាំក្បាលចុះរហូតដល់ទៅ៤២ភាគរយធៀបនឹងឆ្នាំ២០២១។ អ្នកគ្រប់គ្រងម្នាក់នៅមូលនិធិវិនិយោគរបស់សហរដ្ឋអាមេរិកបានកត់សម្គាល់ពីការបញ្ច្រាសផ្ទុយយ៉ាងខ្លាំងពីលក្ខខណ្ឌពីមុនដែលអតិថិជនធ្លាប់តែទិញអចលនទ្រព្យនៅទីក្រុងតូក្យូយ៉ាងឆាប់រហ័សភ្លាមៗ។

អ្នកគ្រប់គ្រងរូបនោះបានបន្តថា “ឥឡូវនេះមានករណីជាច្រើនទៀតដែលខ្ញុំត្រូវតែបញ្ចុះបញ្ចូលមនុស្សក្នុងអំឡុងពេលកិច្ចប្រជុំជាសកលនៅក្រុមហ៊ុនរបស់ខ្ញុំថា ពួកគេនៅតែអាចទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនបាន”។

ភាគរយនៃវិនិយោគិនអន្តរជាតិដែលពិពណ៌នាអំពីចំណង់របស់ពួកគេក្នុងការវិនិយោគលើអចលនទ្រព្យជប៉ុនថារឹងមាំ ឬខ្លាំងល្មមបានធ្លាក់ចុះ៣៣ពិន្ទុមកនៅត្រឹម៤៨ភាគរយ នៅក្នុងការស្ទង់មតិខែមករា ដែលធ្វើឡើងដោយក្រុមហ៊ុន Mitsubishi UFJ Trust and Banking ហើយនេះជាតួលេខលើកដំបូងក្រោម៥០ភាគរយចាប់តាំងពីឆ្នាំ២០១៣។

នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវ NLI បានឱ្យដឹងថា ៨២ភាគរយនៃអ្នកឆ្លើយសំណួរនៅក្នុងឧស្សាហកម្មអចលនទ្រព្យបានរំពឹងទុកថា តម្លៃអចលនទ្រព្យរបស់ទីក្រុងតូក្យូនឹងកើនឡើងដល់កំពូលនៅឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here