ដោយៈ ចំណាន
ព្រះសីហនុៈ ចាប់តាំងពីរាជរដ្ឋាភិបាល អនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ររដ្ឋាភិបាលបានអនុម័តនិងលើកទឹកចិត្ត ដល់អគារជាប់គាំងមានចំនួន១៥៣ គម្រោង មានទុនវិនិយោគជាង ៣ ៥០៩ លានដុល្លារអាមេរិក។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា គិតចាប់ពីការអនុវត្តរហូតដល់ឆមាសទី១ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលសំណើសុំការលើកទឹកចិត្តចំនួន៣៣១ គម្រោង ដែលមានទុនវិនិយោគសរុបជាង៧៣៥១ លានដុល្លារអាមេរិក។ ក្នុងនោះគម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី ឬគម្រោងកំពុងដំណើរការសាងសង់) មានចំនួន១៤២គម្រោង មានទុនវិនិយោគជាង២៩៩០លានដុល្លារអាមេរិក ការពង្រីកគម្រោងមានចំនួន ២៤ មានទុនវិនិយោគជាង៨១៨លានដុល្លារអាមេរិក និងគម្រោងមានស្រាប់មានចំនួន១២គម្រោង មានទុនវិនិយោគជាង ៣៤លានដុល្លារអាមេរិក។
ដោយឡែកក្រុមហ៊ុនវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីអនុគណៈកម្មាធិការវិនិយោគខេត្ត (គម្រោងមានទុនវិនិយោគក្រោម៥លានដុល្លារអាមេរិក) មានចំនួន១៧គម្រោង ដែលមានទុនវិនិយោគជាង៣៧លានដុល្លារអាមេរិក។ ក្នុងនោះបើគិតត្រឹមតែនៅឆមាសទី១ ឆ្នាំ២០២៥ មានចំនួន៦ គម្រោង មានទុនវិនិយោគជាង២១លានដុល្លារអាមេរិក។
លោកឡុង ឌីម៉ង់បានបង្ហើបឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ នេះ មានសំណង់អគារខ្ពស់ៗចំនួន៥បន្ថែមទៀត បានចាប់ផ្តើមដំណើរការសាងសង់ នៅ
បន្ថែមពីសំណង់អគារខ្ពស់ៗ ដែលទទួលបានការអនុញ្ញាតិឲ្យសាងសង់ លោក ឡុង ឌីម៉ង់បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ រហូតដល់ខែមិថុនាឆ្នាំ ២០២៥ ខេត្តនៅតំបន់ឆ្នេរនេះ មានអគារខ្ពស់ៗសរុបចំនួន៦១៥គម្រោង។ សំណង់អគារខ្ពស់ៗនៅខេត្តព្រះសីហនុ បែងចែកទៅតាមកម្រិតកម្ពស់។
ក្នុងចំណោមអគារខ្ពស់ៗសរុបចំនួន៦១៥ គម្រោង សំណង់អគារដែលមានកម្ពស់ចាប់ពី៥ជាន់ ដល់៩ជាន់ មានចំនួន២៨៦គម្រោង អគារកម្ពស់ចាប់ពី១០ជាន់ដល់ ១៩ជាន់មានចំនួន២៣២គម្រោង។ អគារកម្ពស់ចាប់ពី២០ជាន់ ដល់ ២៩ជាន់ មានចំនួន៦៣គម្រោង អគារកម្ពស់ចាប់ពី៣០ជាន់ដល់៣៩ ជាន់មានចំនួន២៨គម្រោង និងអគារកម្ពស់ចាប់ពី៤០ជាន់ឡើងទៅមានចំនួន៦គម្រោង៕