ដោយ: គង់ លាងហួរ
ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេរភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញធ្វើជាសហធិបតី ចុះហត្ថលេខាលើឯកសារចំនួន០២ និងបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញអំពីលទ្ធផលជំនួបទ្វេរភាគី។

ឯកសារចំនួន០២ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើជាសហធិបតីក្នុងការចុះហត្ថលេខានោះរួមមាន៖
១- អនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។
២-អនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។
ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ៕







