ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ម៉ាឡេស៊ីធ្លាប់ជាប្រទេសដែលបានបណ្ដាក់វិនិយោគច្រើនជាងគេមួយ ក្នុងប្រទេសកម្ពុជាទៅលើវិស័យជាច្រើន ប៉ុន្តែរយៈពេលក្រោយមក ក៏មានការថមថយបន្តិចវិញ ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី នៅរសៀលថ្ងៃទី ២៧ មីនា ២០២៣
សម្ដេចតេជោបានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា កម្ពុជាបានលើកទឹកចិត្តដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលចង់ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។
សម្ដេចតេជោមានប្រសាសន៍ថា ក្នុងការពង្រីកវិសាលភាពនិងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរ កម្ពុជាបានស្នើម៉ាឡេស៊ី បង្កើនការទិញទំនិញដែលបំពេញតម្រូវការ ឱ្យគ្នាទៅវិញទៅមក និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុននិងធុរជនម៉ាឡេស៊ី មកវិនិយោគ ឱ្យបានកាន់តែច្រើន ។ ចំពោះវិស័យទេសចរណ៍ សម្ដេចក៏បានស្នើឱ្យអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីសហប្រតិបត្តិការ ទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងស្នើម៉ាឡេស៊ីជួយ គាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីម តាមរយៈការបណ្ដុះបណ្ដាលនិងបច្ចេកទេស ។

សម្ដេចតេជោមានប្រសាសន៍បន្តថា ចំពោះវិស័យកសិកម្ម ភាគីទាំងពីរបានឯកភាព បន្តជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សរណៈ នៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យឧស្សាហកម្មឬស្សីនៅកម្ពុជា ។ ទន្ទឹមនឹងនេះសម្ដេចតេជោក៏បានស្នើម៉ាឡេស៊ីបន្តបង្កើនការទិញអង្ករនិងកសិផលនៅកម្ពុជា តាមរយៈ ការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជានិងនាំចេញទៅប្រទេសម៉ាឡេស៊ី ក៏ដូចជាទីផ្សារផ្សេងទៀតតាមផ្លូវដឹកជញ្ជូនដែលមានដូចជាកំពង់ផែក្រុងព្រះសីហនុ ។
សម្ដេចតេជោបន្ថែមថា ទាក់ទងនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនុវានុវត្តន៍ កម្ពុជាលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី ឱ្យចូលរួមអភិវឌ្ឍន៍ ឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និងឧស្សាហម្មផ្នែកចំណេះដឹងបច្ចេកវិទ្យានៅកម្ពុជាផងដែរ ។
លោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានមានប្រសាសន៍ផងដែរថា លោកនឹងជំរុញឱ្យវិនិយោគិននិងធុរជនម៉ាឡេស៊ីមកស្វែងរកការវិនិយោគនិងធ្វើមុខជំនួញនៅកម្ពុជា ដូចជាការបង្កើតក្រុមហ៊ុនប្រមូលទិញនិងនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទីពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ជាដើម ។
លោកបន្តថា ចំណាប់អារម្មណ៍មួយរបស់សម្ដេចតេជោដែលលោកចាប់អារម្មណ៍ គឺឧស្សាហកម្មឬស្សី ហើយម៉ាឡេស៊ីនឹងជំរុញឱ្យវិនិយោគិនមកកម្ពុជាសិក្សាពីការវិនិយោគកែច្នៃឬស្សីនេះ ដើម្បីនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី ៕






