ដោយៈ រតនៈ
ពោធិសាត់ៈ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន គ្រោងនឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្រប់ដណ្ដប់ទៅលើខេត្តសំខាន់ៗ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន អាជ្ញាធរខេត្តពោធិ៍សាត់ បានត្រៀមវិស័យសក្តានុពលមួយចំនួន ដើម្បីធ្វើឱ្យតំបន់សេដ្ឋកិច្ចទី៤នេះ ដំណើរការទៅដោយជោគជ័យ និងនាំផលប្រយោជន៍ជូនជាតិ និងប្រជាជន។
ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ កាលពីថ្ងៃទី១៤ ខែមីនា សម្ដេចតេជោ ហ៊ុន សេន បានបញ្ជាក់ថា ដើម្បីជំរុញឲ្យផែនការនេះ ដំណើរការបានលឿនរហ័ស។
សម្ដេចតេជោ បានស្នើសុំចិនឲ្យជួយសាងសង់ផ្លូវតភ្ជាប់ នៅក្នុងប៉ូលសេដ្ឋកិច្ចថ្មីនេះ សរុបចំនួន៥ខ្សែ រួមមាន ផ្លូវលេខ៥៥ បង្កើតផ្លូវតភ្ជាប់ផ្លូវលេខ៥៧ ដែលតភ្ជាប់ពីបាត់ដំបងទៅប៉ៃលិន ៥៧បេ តភ្ជាប់ពីបាវិល ទៅកាន់ស្រុកកំរៀង ភ្នំព្រឹក ទល់ព្រំដែនប្រទេសកម្ពុជា-ថៃ ផ្លូវ៥៦ ផ្លូវ៥៩ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅកាន់ប៉ៃលិន។ ជាមួយគ្នានេះ តាមរយៈការរៀបចំផ្លូវ សម្ដេចតេជោ ក៏ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញនាពេលខាងមុខ ការសាងសង់រមណីយដ្ឋាន ទេសចរណ៍ និងកន្លែងស្នាក់នៅ ដូចជា រីស្សត ជាដើម។

ទាក់ទងនឹងករណីនេះ អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ បានប្រាប់ propertyarea.asia ថាវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង វិស័យទេសចរណ៍ គឺជាវិស័យសំខាន់ៗដែលខេត្តពោធិ៍សាត់ នឹងជម្រុញសក្តានុពលខេត្តមួយនេះ ដើម្បីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤នេះ ។
លោកបន្តថា នៅក្នុងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ គឺមានផ្លូវតភ្ជាប់សំខាន់ៗ ពីខេត្តមួយទៅខេត្តមួយ និងទៅប្រទេសថៃផងដែរដែលអំណោយផល ដល់វិស័យពាណិជ្ជកម្មនាំចេញ នាំចូល និងជាទីតាំងល្អអំណោយផល ដល់ការធ្វើជារមណីដ្ឋាននានា ហើយក៏អាចដាំដុះដំណាំបែបឧស្សាហកម្មបានផងដែរ។
លោកបន្តថា សម្រាប់វិស័យកសិកម្មវិញ លោកឱ្យដឹងថាខេត្តពោធិ៍សាត់ គឺមានតំបន់មួយចំនួន អំណោយផលដល់ការដាំដុះដំណាំផ្សេងៗ ដូចជា នៅស្រុកតាលោសែនជ័យ និងស្រុកបាកាន គឺអំណោយផលខាងដំណាំស្រូវ។ សម្រាប់ស្រុកក្រគរវិញ គឺមានរោងចក្រឧស្សាហកម្មជាច្រើន បាននិងកំពុងរីកដុះដាល និងមានតំបន់ទេសចរណ៍ជាច្រើន ដូចជា ទឹកធ្លាក់ច្រកល្អៀង តំបន់បឹងទន្លេសាបក្នុងឃុំ កំពង់ហ្លួង និងរមណីយដ្ឋានទើបបង្កើតថ្មី នៅក្នុងឃុំអន្សារចំបក់ ដូចជារមណីយដ្ឋានភ្នំនាគសជាដើម។
យោងតាមគេហទំព័ររបស់រដ្ឋបាលខេត្តពោធិ៍សាត់ ខេត្តនេះមានផ្ទៃដីសរុប១២,៦៩២គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង៕







