ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao Group ប្រកាសលក់ឡាយឡុងសណ្ឋាគារធំបំផុតទី២តម្លៃ៨២៨លានដុល្លារ

0

 

ដោយៈ សុខុម

ហុងកុង: ភ្នាក់ងារលក់របស់ក្រុមហ៊ុន JLL បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao Group ដែលជំពាក់បំណុលយ៉ាងច្រើន កំពុងប្រកាសលក់ឡាយឡុង សណ្ឋាគារដ៏ធំមួយរបស់ខ្លួនមានទីតាំងនៅជិតអាកាសយានដ្ឋានក្រុងហុងកុង។

ភ្នាក់ងារលក់ដដែលបានលើកឡើងថា ការប្រកាសលក់ឡាយ​ឡុងនេះរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ស្របពេលវិស័យ​ទេសចរណ៍ក្នុងទីក្រុងរំពឹងងើបឡើងវិញ។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Shimao Group បានប្រកាសលក់ឡាយឡុងសណ្ឋាគារ Sheraton កម្ពស់១៨ជាន់ នៅតំបន់ Tung Chung ដែលបានបើកដំណើរការក្នុងឆ្នាំ២០២០ ក្នុងតម្លៃ៨២៨លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា។

ដោយមានបន្ទប់ចំនួន១.២១៩បន្ទប់ និងសាលប្រជុំខាងក្នុង និងសាលប្រជុំ ខាងក្រៅសរុបទំហំ៣.៤០០ម៉ែត្រការ៉េ សណ្ឋាគារនេះគឺជាសណ្ឋាគារធំបំផុតទី២ ប្រចាំក្រុងហុងកុង បើគិតពីចំនួនបន្ទប់ដោយតាមពីក្រោយសណ្ឋាគារ Nina Tsuen Wan West ដែលមានបន្ទប់ចំនួន១.៦០៨បន្ទប់។

ក្រុមហ៊ុន Shimao Group ដែលកំពុងស្ថិតក្នុងដំណើរការរៀបចំឡើងវិញ នូវបំណុលចំនួន១១,៨ពាន់លានដុល្លារអាមេរិក របស់ខ្លួនបានទិញដី ទីតាំងសណ្ឋាគារខាងលើនេះ ជាមួយក្រុមហ៊ុន Mingfa Group International ក្នុងតម្លៃ២៣៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤។

នីតិវិធីលក់នេះ នឹងពាក់ព័ន្ធនឹងការដេញថ្លៃ២ ឬ៣ជុំ ដោយថ្ងៃផុតកំណត់ សម្រាប់ការបង្ហាញពីចំណាប់អារម្មណ៍ នៅពាក់កណ្តាលខែឧសភា។ នេះបើយោងតាមលោក Jonathan Law អនុប្រធានក្រុមហ៊ុន JLL Hotels & Hospitality Group៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here