ស្ថានភាពអចលនទ្រព្យបែបពាណិជ្ជកម្មនៅអាមេរិកកំពុងប្រឈមនឹងបញ្ហា ក្រោយមានការដួលរលំនៃធនាគារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមវិភាគអ្នកសេដ្ឋកិច្ច កំពុងមានការព្រួយបារម្ភអំពីឧស្សាហកម្មអចលនទ្រព្យពាណិជ្ជកម្ម (CRE)ទំហំ២០ពាន់ពាន់លា​នដុល្លារនៅសហរដ្ឋអាមេរិក។

បន្ទាប់​ពី​ការ​រីក​ចម្រើន​រាប់​ទសវត្សរ៍​ ដែល​ជំរុញ​ដោយ​អត្រា​ការ​ប្រាក់​ទាប និង​ឥណទាន​ងាយ​ស្រួល ពេលនេះវិស័យអចលនទ្រព្យ​បែបពាណិជ្ជកម្ម​របស់អាមេរិក បាន​ជួបប្រទះនឹងការបាត់បង់សន្ទុះ។

ការវាយតម្លៃអចលនទ្រព្យការិយាល័យ និងលក់រាយបាននិងកំពុងធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាត ដែលបាននាំមកនូវអត្រាកាន់កាប់ទាប និងការផ្លាស់ប្តូរកន្លែងដែលមនុស្សធ្វើការ និងរបៀបដែលពួកគេទិញទំនិញ។

បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ កណ្តាលអាមេរិក Fed ក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា ដោយការដំឡើងអត្រាការប្រាក់ ក៏បានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មមួយនេះ ដែលពឹងផ្អែកលើឥណទានផងដែរ។

ភាពតានតឹងផ្នែកធនាគារនាពេលថ្មីៗនេះ ទំនងជានឹងជំរុញបញ្ហាទាំងនោះបន្ថែមទៀតផងដែរ។ ការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម ភាគច្រើនទទួលបានមកពីធនាគារខ្នាតតូច និងមធ្យម ដែលសម្ពាធលើសាច់ប្រាក់ងាយស្រួលមានកម្រិតធ្ងន់ធ្ងរបំផុត។

ប្រហែល៨០ភាគរយ នៃប្រាក់កម្ចីធនាគារទាំងអស់ សម្រាប់អចលនទ្រព្យពាណិជ្ជកម្ម បានមកពីធនាគារក្នុងតំបន់។នេះបើយោងតាមក្រុមអ្នកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Goldman Sachs៕

LEAVE A REPLY

Please enter your comment!
Please enter your name here