កម្ពុជាស្វែងរកការគាំទ្រពីភាគីម៉ាឡេស៊ីក្នុងគម្រោងនាំចេញអគ្គិសនីទៅកាន់សិង្ហបុរី

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Datuk Seri Anwar Ibrahim សម្រាប់ការផ្តល់ការគាំទ្រក្នុងការអនុវត្តគម្រោងនាំចេញថាមពលកកើតឡើងវិញពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ខណៈត្រូវការដំឡើងខ្សែអគ្គិសនីនៅក្រោមបាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

នៅក្នុងសន្និសីទសារព័ត៌មានរួមនៅវិមានសន្តិភាព សម្តេចតេជោបានលើកឡើងសំណើទៅកាន់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim ភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តីទាំងពីរបានដឹកនាំកិច្ចប្រជុំទ្វេរភាគី និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ទាក់ទងនឹងពលកម្មឆ្លងដែន។

សម្តេចបានមានប្រសាសន៍បន្តថា “ទាក់ទងនឹងវិស័យថាមពល ខ្ញុំបានស្នើសុំឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេសុី ឱ្យគាំទ្រការដំឡើងខ្សែអគ្គិសនីនៅក្រោមបាតសមុទ្រ ដែលនឹងឆ្លងកាត់សមុទ្រម៉ាឡេស៊ី សម្រាប់គម្រោងថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី”។

សម្តេចតេជោបានបន្ថែមថា “នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក Lee Hsien Loong ក៏បានពិភាក្សាអំពីគម្រោងនេះជាមួយសមភាគីម៉ាឡេស៊ីផងដែរ”។

ចំណែកលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងថា “លោកនឹងស្នើឱ្យមន្ត្រីម៉ាឡេស៊ី ធ្វើការពិភាក្សាលើសំណើរបស់ភាគីក្រោយ ទាក់ទងនឹងការដំឡើងខ្សែអគ្គិសនីនៅក្រោមបាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី”។

លោក​បាន​បន្ត​ថា​ “យើង​មាន​ភារកិច្ច​ជួយ​សម្រួល​ដល់​គម្រោង​នេះ ហើយ​មន្ត្រី​ពាក់ព័ន្ធ​របស់​យើង​នឹង​ធ្វើការ​ពិភាក្សា​បច្ចេកទេស​”។

លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា “គម្រោងដែលសម្តេចបានពិភាក្សាជាមួយសមភាគីម៉ាឡេស៊ីក្នុងកិច្ចប្រជុំទ្វេរភាគីគឺសំដៅលើគម្រោងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់កម្ពុជា និងក្រុមហ៊ុនKeppel Energy Pte Ltd (KE) របស់សិង្ហបុរី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here