ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុនហុងកុងបានហក់ឡើងបន្ទាប់ពីថ្នាក់ដឹកនាំកំពូលចិនប្តេជ្ញាបន្តបើកចំហសេដ្ឋកិច្ចដល់វិនិយោគិនបរទេស ដោយធានាឡើងវិញនូវមូលនិធិសកលដែលបានបោះទុនជាង២៥ពាន់លានដុល្លារចូលទៅក្នុងទីផ្សារភាគហ៊ុនក្នុងស្រុកនៅឆ្នាំនេះ។
សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានហក់ឡើង០,៨ភាគរយរហូតដល់១៩.៧១៤,៦៦ នៅម៉ោង១១ព្រឹកម៉ោងនៅក្នុងស្រុក។ សន្ទស្សន៍ Tech បានហក់ឡើង០,៥ភាគរយ ខណៈសន្ទស្សន៍ Shanghai Compositeបានហក់ឡើងថ្លៃ០,១ភាគរយ។
ផ្សារហ៊ុន Tencent បានហក់ឡើង៣,៦ភាគរយដល់៣៧៦ដុល្លារហុងកុង ខណៈផ្សារហ៊ុន HSBC ហក់ឡើង១,៤ភាគរយរហូតដល់៥២,៣៥ដុល្លារហុងកុង។ ផ្សារហ៊ុន JD.com បានហក់ឡើង១,៤ភាគរយដល់១៥៥,៤ដុល្លារហុងកុង ខណៈផ្សារហ៊ុន Baidu ហក់ឡើង១ភាគរយដល់១៥១ដុល្លារហុងកុង ហើយផ្សារហ៊ុន Anta Sports បានហក់ឡើងថ្លៃ០,៤ភាគរយដល់១១២,៣ដុល្លារហុងកុង។
លោក Jing Ning ប្រធានផ្នែកភាគហ៊ុននៅក្រុមហ៊ុន Fidelity International បានថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីទស្សនវិស័យវិនិយោគម៉ាក្រូរបស់ក្រុមហ៊ុន ដោយលើកឡើងពីស្ថិរភាពទីផ្សារលំនៅដ្ឋាន និងទិន្នន័យវិនិយោគ ក្នុងចំណោមកត្តាផ្សេងៗទៀតថា “ការងើបឡើងវិញនៅក្នុងប្រទេសចិនគឺស្ថិតនៅលើមូលដ្ឋានដ៏រឹងមាំ ហើយការវាយតម្លៃមានភាពទាក់ទាញ”។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ធ្លាប់បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងនៅតែបើកចំហមិនថាមានបញ្ហាអ្វីនោះទេ។
លោកបានថ្លែងនៅក្នុងសារនេះទៅកាន់នាយកប្រតិបត្តិពិភពលោក រួមទាំងលោក Tim Cook របស់ក្រុមហ៊ុន Apple និង Bridgewater Associates’ Ray Dalio នៅក្នុងវេទិកាមួយក្នុងទីក្រុងប៉េកាំងនាសប្តាហ៍នេះ។
លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានអះអាងថា “មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិននឹងបន្តពង្រីកការបើកចំហរបស់យើងដោយមិនផ្លាស់ប្តូរ”៕