ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនលក់រាយប្រេង និងឧស្ម័នPTT Oil and Retail Business Plc កាលពីថ្ងៃចន្ទ បានប្រកាសថា ខ្លួនគ្រោងបោះទុនវិនិយោគ៩០០លានដុល្លារនៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មក្នុងស្រុក និងក្រៅប្រទេស។
លោក Disathat Panyarachun នាយកប្រតិបត្តិក្រុមហ៊ុននេះបានមានប្រសាសន៍ថា “ប្រហែល៤៥%នៃថវិកាសរុប នឹងត្រូវប្រើប្រាស់ ដើម្បីពង្រីកសិទ្ធិអាជីវកម្មហាងកាហ្វេ Cafe Amazon និងសង្វាក់មាន់បំពង Texas Chicken”។

ក្រុមហ៊ុន PTT Oil and Retail ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនថាមពលដ៏ធំរបស់រដ្ឋ PTT Plc បានអះអាងថា “២២%នៃថវិកាសរុប នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រីកបណ្តាញស្ថានីយ៍បញ្ចូលហ្គាស និងរថយន្តអគ្គិសនី (EV) របស់ខ្លួន”។
លោក Disathat បានបន្តថា “នៅឆ្នាំនេះ ខ្លួនគ្រោងនឹងបន្ថែមស្ថានីយ៍ហ្គាសចំនួន១២២កន្លែង ហាងកាហ្វេចំនួន៤០០កន្លែង និងស្ថានីយ៍ EV ចំនួន៥០០កន្លែង ហើយក្រុមហ៊ុនក៏បាននិងកំពុងស្វែងរកការរួមបញ្ចូលគ្នា និងការទិញយកផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុននេះបានដំណើរការ ស្ថានីយ៍ប្រេងឥន្ធនៈជាង២.១០០កន្លែង ស្ថានីយ៍សាក EVចំនួន៣០០កន្លែង និងហាងកាហ្វេប្រហែល៣.៩០០ហាងផងដែរ។
ការពង្រីកនេះកើតឡើង ស្របពេលដែលអ្នកបើកបររថយន្តថៃកំពុងឆ្ពោះ ទៅរកការផ្លាស់ប្តូរជាបណ្តើរៗ ទៅប្រើប្រាស់រថយន្ត EV ដែលមានការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការកាត់បន្ថយតម្លៃពីក្រុមហ៊ុនផលិត។
កាលពីឆ្នាំមុន ក្រុមហ៊ុន Tesla បានចាប់ផ្តើមការលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ខណៈដែលក្រុមហ៊ុនBYD របស់ប្រទេសចិនក៏បានអះអាងថា ខ្លួនបាននិងកំពុងបង្កើតរោងចក្រ ដើម្បីផលិតរថយន្តចំនួន១៥០.០០០គ្រឿង ក្នុងមួយឆ្នាំនៅប្រទេសថៃផងដែរ៕







