ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសិក្សាបានបង្ហាញថា ប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុបGDP ច្រើនជាង៤០% នៃសេដ្ឋកិច្ចជាតិរបស់យើង។
យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី៣៨%ទៅ៦៩% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ប្រទេសសមាជិកអាស៊ាន។
ព៌តមាននេះ ត្រូវបានបង្ហាញឲ្យដឹងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការចរចាពាណិជ្ជកម្មសេវាកម្ម ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗ”ក្រោមអធិបតីភាព លោកស៊ីម សុខខេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលាថ្នាក់ជាតិនេះ មានគោលបំណងសំខាន់ៗចំនួន៣រួមមានទី១ ពង្រឹងសមត្ថភាព និងជំនាញរបស់មន្ត្រីរដ្ឋាភិបាល/មន្ត្រីទទួលបន្ទុកចរចាពាណិជ្ជកម្មពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងកិច្ចចរចាពាណិជ្ជកម្មសេវាកម្ម។ ទី២ ដើម្បីបំពាក់បំប៉នវិស័យឯកជននូវចំណេះដឹងជាមូលដ្ឋាន និងការយល់ដឹងអំពីផ្នែកសំខាន់ៗ និងវឌ្ឍនភាពថ្មីៗនៃពាណិជ្ជកម្មសេវាកម្ម ដើម្បីឱ្យវិស័យឯកជន អាចយល់កាន់តែច្បាស់អំពីកាលានុវត្តភាព ច្រកចូលទីផ្សារពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញអាជីវកម្ម និងការវិនិយោគរបស់វិស័យឯកជន។
ទី៣ ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត ទាំងផ្នែកសាធារណៈ និងឯកជនអំពីតួនាទីសំខាន់នៃ ពាណិជ្ជកម្មសេវាកម្ម និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍរបស់វិស័យសេវាកម្ម។
លោកស៊ីម សុខខេង បានមានប្រសាសន៍ថា ដោយទទួលស្គាល់អំពីតួនាទីសំខាន់នៃ “សេរីភាវូបនីយកម្មពាណិជ្ជកម្ម” ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជាបានសម្រួលរបបពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព ដោយបានធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកល តាមរយៈការចូលជាសមាជិកអាស៊ាន១៩៩៩ និងអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៤។

លោកបន្តថា ចំពោះសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវាកម្ម កម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្មនៅពេលចូលជាសមាជិក អាស៊ានក្នុងឆ្នាំ១៩៩៩។ បន្ទាប់មកទៀតការចូលជាសមាជិក ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មអនុវិស័យចំនួន ៩៤ លើវិស័យសំខាន់ៗចំនួន ១១ ដូចជា (១) សេវាកម្មអាជីវកម្ម (២) សេវាទំនាក់ទំនង (៣) សេវាកម្មសំណង់ និងវិស្វកម្មពាក់ព័ន្ធ (៤) សេវាចែកចាយ (៥) សេវាអប់រំ (៦) សេវាបរិស្ថាន (៧) សេវាហិរញ្ញវត្ថុ (៨) សេវាសុខភាព និងសង្គម (៩) សេវាកម្មទាក់ទងនឹងទេសចរណ៍ និងការធ្វើដំណើរ (១០) សេវាកម្សាន្ត វប្បធម៌ និងកីឡា និង (១១) សេវាកម្មដឹកជញ្ជូន។
លោកបន្ថែមថា ដើម្បីបង្កើនលំហូរសេរី នៃសេវាកម្មក្នុងអាស៊ាន កម្ពុជាបានចុះហត្ថលេខាលើកញ្ចប់ទី១០ នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្មក្នុងឆ្នាំ ២០១៨ ដែលបានពង្រីកសេរីភាវូបនីយកម្មពាណិជ្ជកម្មរបស់ខ្លួន កាន់តែស៊ីជម្រៅជាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទាក់ទងនឹងវិសាលភាព ការគ្របដណ្តប់ និងកម្រិតនៃការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀង៕







