ផ្លូវសំខាន់ៗចំនួន៣នឹងត្រូវស្តារ ជុសជុលនិងថែរទាំនៅសប្តាហ៍ ទី៤នាខែមេសាខាងមុខ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប៩៨,៤០៥ គ.ម គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានស្តារ និងជួសជុលថែទាំ នាថ្ងៃទី០៤ មេសា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ។

ព៌តមាននេះត្រួវបានលើកឡើង ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ពិធីបើកការ​ដ្ឋានស្តារ និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប៩៨,៤០៥ គ.ម ក្រោមឥណទានសម្បទាន ពីធនាគារពិភពលោក (World Bank) ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មការ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មាធិការ និងអនុគណៈកម្មការ សម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដើម្បីឱ្យការដឹកនាំ គ្រប់​គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារតាមបំណែកចែកការងារ មានចែងនៅក្នុងលិខិតបង្គាប់ការ។

លោករដ្ឋលេខាធិការ ប្រធានគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យសមាជិក សមាជិកា នៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈ​មឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរ អង្គប្រជុំបានសម្រេចឱ្យក្រុមការងារ បច្ចេកទេ​ស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២៩ មីនា ២០២៣ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធី ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិស្ថានល្អសម្រាប់អ្នកចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here