កូរ៉េខាងត្បូងរំពឹងថាជើងហោះហើរអន្តរជាតិនឹងហក់ឡើងវិញដល់៨០ភាគរយនៃកម្រិតមុនកូវីដនៅរដូវក្តៅនេះ

0

ដោយ: គង់ លាងហួរ
សេអ៊ូល: ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកកំពុងខិតខំពង្រីកផ្លូវហោះហើរអន្តរជាតិ និងបន្ថែមយន្តហោះបន្ថែមទៀត ខណៈចំនួនអ្នកធ្វើដំណើរតាមជើងហោះហើរអន្តរជាតិកំពុងកើនឡើងយ៉ាងរហ័សដល់កម្រិតមុនកូវីដ។

យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ជើងហោះហើរអន្តរជាតិបានងើបឡើងវិញជិត៧០ភាគរយនៃចំនួនមុនកូវីដ។ ចំនួនអ្នកដំណើរនៅក្នុងជើងហោះហើរអន្តរជាតិមានចំនួនជាង៤,៥លាននាក់នៅក្នុងខែមករា និងកុម្ភៈ ដោយបន្តកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆមាសទី២ ឆ្នាំ២០២២។

ចំនួននេះបានកើនលើសពី១លាននាក់ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដនៅក្នុងខែមិថុនា ឆ្នាំ២០២២ ពោលគឺកើនឡើងដល់៣,០៨លាននាក់ក្នុងខែតុលា ហើយបន្ទាប់មកកើនលើសពី៤លាននាក់នៅក្នុងខែធ្នូ។ ចំនួនអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនាពេលអនាគត ដោយសារការងើបឡើងវិញនៃផ្លូវហោះហើររបស់ចិននឹងទាញតួលេខនេះឱ្យកើនឡើងផងដែរ។

ក្រសួងបានឯកភាពជាមួយរដ្ឋាភិបាលចិនក្នុងការពង្រីកជើងហោះហើររវាងកូរ៉េ និងចិនដល់កម្រិតមុនកូវីដកាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ។

ជាលទ្ធផល ចំនួននៃជើងហោះហើរទៅកាន់ប្រទេសចិនដែលមានចំនួន៦២ជើងក្នុងមួយសប្តាហ៍គិតត្រឹមចុងខែកុម្ភៈនឹងកើនឡើងដល់លើសពី២០០ជើងចាប់ពីចុងខែមីនានេះតទៅ។

លើសពីនេះទៀត ដោយផ្អែកលើផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗក្នុងការបង្កើនជើងហោះហើរ នោះជើងហោះហើរអន្តរជាតិនឹងងើបឡើងវិញដល់៨០ភាគរយនៃកម្រិតមុនកូវីដនៅក្នុងរដូវក្តៅនេះ។

យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្យាករណ៍ថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងកើនឡើងដល់៤ពាន់លាននាក់នៅឆ្នាំ២០២៤ ពោលគឺកើនឡើង៣ភាគរយបើធៀបនឹងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here