សុខុម
ក្រុងឡុងដ៍: ទន្ទឹមនឹងការអបអរសាទរចំពោះភាពជឿនលឿន នៃបច្ចេកវិទ្យាដែលអ្នកវិទ្យាសាស្ត្រខំប្រឹងបង្កើតឡើងដើម្បីសម្រួលដល់ការរស់នៅរបស់មនុស្សសម័យថ្មីឱ្យកាន់តែប្រសើរឡើង វាក៏ជាហានិភ័យខ្ពស់មួយដែរ ដែលបច្ចេកវិទ្យាអាចដណ្ដើមការងារពីមនុស្សកាន់តែច្រើនឡើងៗគួរឱ្យព្រួយបារម្ភ។
តួយ៉ាងរបាយការណ៍របស់ធនាគារវិនិយោគខ្នាតយក្សរបស់សហរដ្ឋអាមេរិក Goldman Sachs បង្ហាញថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចនឹងដណ្ដើមការងារពេញម៉ោងពីមនុស្សរហូតដល់ទៅ៣០០លានកន្លែង។

របាយការណ៍ដដែលបង្ហាញថា AI អាចនឹងជំនួសការងាររបស់មនុស្សរហូតដល់ទៅ១ភាគ៤នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ប៉ុន្តែក៏អាចមានន័យថា វាជាការងារថ្មីៗ ហើយក៏ជួយបង្កើនផលិតភាពការងារផងដែរ។
ហើយនៅទីបំផុតវាអាចបង្កើនតម្លៃសរុបប្រចាំឆ្នាំនៃទំនិញ និងសេវាកម្មដែលផលិតទូទាំងពិភពលោកបាន៧%។
របាយការណ៍នេះលើកឡើងថា បច្ចេកវិទ្យា Generative AI (GenAI) ជាបញ្ញាសិប្បនិម្មិតមួយប្រភេទដែលអាចបង្កើតទិន្នន័យបានយ៉ាងសម្បូរបែបដូចជារូបភាព វីដេអូ សំឡេង អត្ថបទ និងគំរូ 3D ជាដើមដែលខុសគ្នាពីការងាររបស់មនុស្ស គឺជា “ការរីកចម្រើនដ៏ធំមួយ”។
រដ្ឋាភិបាលអង់គ្លេស មានបំណងជំរុញការវិនិយោគលើ AI ដែលនឹង “ជំរុញផលិតភាពក្នុងសេដ្ឋកិច្ចទាំងមូល” ហើយបានព្យាយាមធានាអះអាងចំពោះសាធារណជនអំពីផលប៉ះពាល់របស់វា។

របាយការណ៍នេះកត់សម្គាល់ថា ផលប៉ះពាល់របស់ AI នឹងមានខុសៗគ្នាទៅតាមវិស័យផ្សេងៗគ្នាដែលក្នុងនោះផលប៉ះពាល់៤៦%ក្នុងផ្នែករដ្ឋបាល និង៤៤%ក្នុងវិជ្ជាជីវៈច្បាប់ អាចដំណើរការដោយស្វ័យប្រវត្តិ ប៉ុន្តែមានតែ៦%ប៉ុណ្ណោះក្នុងវិស័យសាងសង់ និង៤%ក្នុងវិស័យថែទាំ។
សារព័ត៌មាន BBC News ធ្លាប់បានចុះផ្សាយរួចមកហើយនូវការព្រួយបារម្ភរបស់ក្រុម Artist ដែលលើកឡើងថា ម៉ាស៊ីនបង្កើតរូបភាពរបស់ AI អាចដណ្ដើមការងាររបស់ពួកគេ៕ BBC៕






