សណ្ឋាគារក្នុងខេត្តសៀមរាបទើបតែបើកឡើងវិញបានពាក់កណ្ដាលប៉ុណ្ណោះ ចាប់តាំងពីវិបត្តិកូវីដ១៩មក

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមតំបន់សក្ដានុពលលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាអំឡុងពេលវិបត្តិកូវីដ១៩ ហើយសណ្ឋាគារភាគច្រើននៅក្នុងខេត្តនេះបានបិទទ្វារ និងផ្អាកដំណើរ តែវិស័យនេះបានចាប់ផ្ដើមរើបឡើងវិញចាប់ពីកម្ពុជាបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញកាលពីចុងឆ្នាំ ២០២១ ។

មកដល់ដើមឆ្នាំ ២០២៣នេះ សណ្ឋាគារតែជាងពាក់កណ្ដាលប៉ុណ្ណោះ បានបើកដំណើរការឡើងវិញនិងនៅសល់ ពាក់កណ្ដាលទៀតបន្តផ្អាកដំណើរការ ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៩ មីនា ២០២៣ នាទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងវិបត្តិកូវីដ១៩ សណ្ឋាគារមួយចំនួនធំបានបិទនិងផ្អាកដំណើរការ ហើយក្រោយមក ពោលគឺនៅពេលរាជរដ្ឋាភិបាលបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ មានភ្ញៀវទេសចរក្នុងស្រុកជាច្រើនបានចាប់ផ្ដើម ធ្វើដំណើរកម្សាន្តជាពិសេសទៅកាន់ខេត្តសៀមរាប ធ្វើឱ្យសណ្ឋាគារមួយចំនួន ក៏បានបើកដំណើរការឡើងវិញផងដែរ ។

លោកបន្តថា រហូតមកដល់ពេលនេះ មានសណ្ឋាគារប្រមាណតែ៤០ទៅ៥០ភាគរយប៉ុណ្ណោះ បានបើកដំណើរការឡើងវិញ ហើយនៅជាងពាក់កណ្ដាលទៀបន្តផ្អាកដំណើរការ ។ លោកថា”នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សៀមរាបនឹងរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន ហើយយើងសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ដែលបានផ្អាកកាលពីពេលកន្លងមកនោះ ចាប់ផ្ដើមដំណើរការប្រតិបត្តិការរបស់ខ្លួនឡើងវិញ ”។

លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា នៅមុនវិបត្តិកូវីដ១៩ នៅក្នុងខេត្តសៀមរាបមានបន្ទប់សណ្ឋាគារចំនួន ៧៦.០០០បន្ទប់ និងផ្ទះសំណាក់ជិត៧.០០០បន្ទប់ ប៉ុន្តែមកដល់ពេលនេះ បន្ទប់សណ្ឋាគារដែលបានបើកបម្រើអតិថិជនមានប្រមាណ ១២.០០០បន្ទប់ ហើយសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន មានភ្ញៀវកក់បន្ទប់សម្រាប់ស្នាក់នៅមានចន្លោះពី៨០ទៅ៩០ភាគរយនៃបន្ទប់ដែលមានរួចទៅហើយ ។

លោកបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ក្រុមការងារមន្ទីរទេសចរណ៍បានទប់ស្កាត់ការឡើងថ្លៃហួសហេតុ ប៉ុន្តែនៅរៀងរាល់បុណ្យទាន ភ្ញៀវទេសចរតែងតែចូលចិត្តស្នាក់នៅក្នុងបន្ទប់លើសចំណុះ ដូចជាបន្ទប់ដែលផ្ទុកមនុស្សត្រឹមតែ២នាក់ទៅ៤នាក់ តែពេលចូលឆ្នាំពួកគាត់ស្នាក់នៅរហូតដល់ជិត១០នាក់ដែលធ្វើឱ្យម្ចាស់ផ្ទះសំណាក់ត្រូវឡើងថ្លៃតិចតួចសម្រាប់ការប្រើប្រាស់ថ្លៃទឹក ការប្រើប្រាស់ភ្លើងនិងមានសណ្ឋាគារខ្លះផ្ដល់អាហារត្រូវឡើងថ្លៃសម្រាប់អាហារជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here