ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានចេញសេចក្តីជូនដំណឹង ស្តីពីការលើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ក្រុមហ៊ុន CamGSM PLC ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនរបស់ខ្មែរ។
ការប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ មិនា ឆ្នាំ២០២៣កន្លងមកនេះ។

ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ខ្លួនបានសម្រេច ឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជាបាន ក្រុមហ៊ុនCellcard ត្រូវតែទទួលបានការអនុញ្ញាតឲ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅ ផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទីពីរ ដែលទទួលបានការឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាក្រុមហ៊ុនទីប្រាំបួន ដែលគ្រោងនឹងចុះបញ្ជីនៅទីផ្សារគោលរបស់ ផ្សារមូលបត្រកម្ពុជាផងដែរ។
ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដែលផ្តល់សេវា ទូរគមនាគមន៍ឈានមុខមួយ ក្នុងប្រទេសកម្ពុជា រួមមានផ្នែកដំឡើង និងដំណើរការឧបករណ៍ និងគ្រឿងចក្រទាំងអស់ ដែលប្រើប្រាស់ពាក់ព័ន្ធនឹងប្រតិបត្តិការ នៃបណ្ដាញទូរស័ព្ទចល័ត GSM ។
បច្ចុប្បន្នក្រុមហ៊ុន មានហាងលក់រាយចំនួន៥២ទីតាំង បណ្ដាញចែកចាយចំនួន ២៩,០០ទីតាំង និងមានទីតាំងCell Site គ្របដណ្តប់ទូទាំងប្រទេសចំនួនប្រមាណ៣០០០កន្លែង៕







