ដោយៈ សុខុម
វៀងចន្ទន៍: ផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងប្រទេសឡាវ -ចិន (Laos-China Railway) គ្រោងនឹងដំណើរការសេវាដឹកជញ្ជូនឆ្លងដែន រវាងប្រទេសទាំងពីរនៅថ្ងៃទី១៣ ខែមេសា ពោលគឺមុនបុណ្យចូលឆ្នាំខ្មែរ-ឡាវ មួយថ្ងៃ។ នេះបើយោងតាមអភិបាលខេត្តហ្លួងណាំថា (Luang Namtha) នៃប្រទេសឡាវ។
ការប្រកាសនេះ បានធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក សាឡុំសាយ កុំម៉ាស៊ីត (Saleumxay Kommasith) និងមន្ត្រីផ្សេងទៀតដើម្បីត្រួតពិនិត្យការត្រៀមរៀបចំ សម្រាប់ការបើកដំណើរការសេវាដឹកជញ្ជូនឆ្លងដែននៃផ្លូវដែកនេះ។

តាមការរំពឹងទុក រថភ្លើងដឹកអ្នកដំណើរឆ្លងដែនដំបូង រវាងប្រទេសឡាវ និងប្រទេសចិន នឹងត្រូវដំណើរការមួយថ្ងៃ មុនបុណ្យចូលឆ្នាំខ្មែរ-ឡាវ ពោលគឺនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ខណៈចូលឆ្នាំនៅប្រទេសថៃ ចាប់ផ្ដើមពីថ្ងៃទី១៣ មេសា។
លោក សាឡុំសាយ កុំម៉ាស៊ីត បានណែនាំគ្រប់ភាគីពាក់ព័ន្ធរួមទាំងក្រុមហ៊ុន Laos-China Railway Company និងតំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅក្នុងមូលដ្ឋានឱ្យធ្វើការរួមគ្នា និងធានាត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ពិធី បើកដំណើរការជាផ្លូវការ នូវសេវាដឹកជញ្ជូនឆ្លងដែនអន្តរជាតិ នៃផ្លូវដែកល្បឿនលឿនឡាវ-ចិន។
នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផាដន (Sonexay Siphandone) កាលពីដើមខែនេះបានបញ្ជា ឱ្យបង្កើតស្តង់អន្តោប្រវេសន៍ នៅតាមស្ថានីយរថភ្លើង តាមបណ្តោយផ្លូវដែកឡាវ-ចិន ដើម្បីគ្រប់គ្រងកំណើនតម្រូវការធ្វើដំណើរតាមផ្លូវដែក។
ស្តង់ទាំងនេះ នឹងបម្រើដល់អ្នកធ្វើដំណើរទាំងចូលក្នុង និងចេញក្រៅប្រទេស ហើយនឹងត្រូវបង្កើតឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ៕ Laotian Times៕







