ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងអូស្ត្រាលីបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញ ឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជា ក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។
ការឯកភាពនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី ថោង ខុន បានរំលឹកដល់ភាគីអូស្ត្រាលីពីគម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិវឌ្ឍសហគមន៍ ក្នុងនោះសាកលវិទ្យាល័យ Sunshine Coast បានជួយឱ្យកម្ពុជា ជាប្រទេសមួយនាំមុខ ក្នុងការអភិវឌ្ឍគម្រោងរៀបចំស្ដង់ដា សហគមន៍ទេសចរណ៍អាស៊ាន ដោយបានផ្ដល់ជាជំនួយបច្ចេកទេស។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីអូស្ត្រាលីថា កាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោក ធ្លាប់បានជួយដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតទន្លេមេគង្គ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍ នៅតំបន់នោះ ក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទ ឱ្យងាកមករកការផ្តល់សេវាទេសចរណ៍ ជំនួសមុខរបរនេសាទនៅតំបន់សត្វផ្សោត។
ដូច្នេះលោករដ្ឋមន្ត្រីបានស្នើភាគី អូស្ត្រាលីជួយពិចារណាផ្តល់គម្រោងដូចនេះ នៅតំបន់សត្វផ្សោតទន្លេមេគង្គផងដែរ ព្រោះសត្វផ្សោត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ មួយយ៉ាងសំខាន់នៅតំបន់នោះ “គ្មានសត្វផ្សោត គឺគ្មានទេសចរ”។
ព្រមជាមួយនោះ លោករដ្ឋមន្ត្រីក៏បានស្នើភាគីអូស្ត្រាលីអូស្ត្រាលីជួយសិក្សា ក្នុងការផ្ដល់នូវជំនួយនានា សម្រាប់អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ ដែលមានសក្តានុពលនៅកម្ពុជា ព្រោះរាជរដ្ឋភិបាលកម្ពុជា ក៏បានបង្កើតឱ្យមានគណៈកម្មាធិការជាតិមួយ ដើម្បីអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ។
ទាក់ទងការងារផ្សព្វផ្សាយ លោករដ្ឋមន្ត្រីបានបន្តស្នើអូស្ត្រាលីជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន និងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើឡើងនៅកម្ពុជា នាពេលខាងមុខក្នុងឆ្នាំនេះ ដែលជាឆ្នាំទស្សនាកម្ពុជា ពិសេសគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ នឹងមានការប្រកួតកីឡាប្រពៃណី រួមចំណែកដល់ការផ្សព្វផ្សាយស៉ីហ្គេមផងដែរ។
លោកក៏បានស្នើភាគីអូស្ត្រាលី បន្តពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំ និងអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កន្លងមក អូស្ត្រាលីបានទទួលឧត្តមមន្ត្រីកម្ពុជា ទៅចូលរួមការបណ្ដុះបណ្ដាលរយៈពេល៣ខែ និងរយៈពេលវែងឬខ្លីផ្សេងទៀត ក្នុងនោះក៏មានអភិបាលរងខេត្តនៅតាមតំបន់ឆ្នេរសមុទ្រផងដែរ។

ក្រៅពីនេះ លោកថោង ខុន បានស្នើបន្ថែមទៅកាន់អូស្ត្រាលីតាមរយៈលោក Justin Kevin Whyatt ជួយពង្រឹងបច្ចេកទេសនៃការបណ្ដុះបណ្ដាល សម្រាប់វិទ្យាស្ថានជាតិទេសចរណ៍ និងគ្រឹះស្ថានអប់រំទេសចរណ៍នានាដែលកំពុង និងត្រៀមបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍។
លោក Justin Kevin Whyatt បានប្ដេជ្ញាថា នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើគ្រប់វិស័យជាមួយភាគីកម្ពុជា ពិសេសវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជា ប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងសិក្សាយ៉ាងច្រើននៅអូស្ត្រលី។
ឆ្លើយតបបនឹងសំណើនេះ លោក Justin Kevin Whyatt បានទទួលឯកភាពយល់ព្រម និងខិតខំជំរុញឱ្យបាន ក្នុងអាណត្តិបេសកនកម្មរបស់លោកនៅកម្ពុជានេះ ហើយលោកនឹងជំរុញឱ្យមានហោះហើរត្រង់រវាងកម្ពុជា-អូស្ត្រាលី។
កន្លងទៅ និងពេលបច្ចុប្បន្ន អ្នកដំណើរដែលចង់ធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី គឺត្រូវប្ដូរជើងហោះហើរជាមួយសិង្ហបុរី ឬឥណ្ឌូណេស៉ី ឬក៏ទៅដល់ហុងកុងក៏មាន។
តាមរយៈសំណើ និងកិច្ចសហប្រតិបត្តិការទាំងនេះ ភាគីកម្ពុជានិងអូស្ត្រាលីរំពឹងទុកថា នឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បានមួយកម្រិតទៀត ព្រមទាំងទាក់ទាញកំណើនភ្ញៀវទេសចរ អូស្ត្រាលីឱ្យមកទស្សនាកម្ពុជាបន្ថែមទៀតដែរ ខណៈកាលពីមុនពេលវិបត្តិកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអូស្ត្រាលី ប្រមាណជាង១០ម៉ឺននាក់៕







