៤ចំណុចដែលអ្នកជំនួញមិនត្រូវមើលរំលងដើម្បីអាជីវកម្មជោគជ័យ

0

​ដោយវិន វិទ្យា
​ភ្នំពេញ:​ ការធ្វើអាជីវកម្មអ្វីក៍ដោយ មិនត្រូវចាប់ផ្តើមទៅតាមការនឹកឃើញ ឬចំណង់ចំណូលចិត្តរបស់ខ្លួននោះទេ ដើម្បីឱ្យអាជីវកម្មជោគជ័យទៅបាន អ្នកជំនួញមិនត្រូវមើលរំលងចំណុចសំខាន់ៗទាំង៤ដូចខាងក្រោមឡើយ។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ត ដែលកំពុងមានជំនួញក្នុងដៃជាច្រើន បានលើកឡើងថា ដើម្បីឱ្យការចាប់ផ្តើមអាជីវកម្មមួយ ដំណើរការទៅមុខប្រកបដោយជោគជ័យ លុះ​ត្រាតែអ្នកជំនួញត្រូវចេះមើល ១.ពេលវេលា ២.ថវិកា ៣.ជំនាញ និង៤.ការសម្រេចចិត្ត។


១.ពេលវេលាៈអ្នកជំនួញត្រូវចេះមើលឱកាស និងពេលវេលាសាកសមសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។ ថ្វីត្បិតថាអាជីវកម្មប្រភេទខ្លះ មានច្រើននៅលើទីផ្សារួចហើយ ប៉ុន្តែយើងនៅតែអាចមើលឃើញឱកាស ដើម្បីបញ្ច្រៀតផលិតផលរបស់យើង ចូលក្នុងទីផ្សារបាន តែធ្វើយ៉ាងត្រូវមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព ធ្វើយ៉ាងណាទទួលបានការគាំទ្រពីអតិថិជនជានិច្ចនិរន្តន៍។ អ្នកជំនួញវ័យឆ្លាតមិនគិតតែយកពេលវេលា ទៅប្រជែងជាមួយគេពេកទេ តែត្រូវទុកឱកាសស្វែងរកយុទ្ឋសាស្រ្តល្អៗ ដើម្បីពង្រឹងផលិតផលឬអាជីវកម្មរបស់ខ្លួន។

២.ថវិកាៈ តាមធម្មតាការធ្វើអាជីវកម្មអាចទទួលបានជោគជ័យ និងទទួលបានហានិភ័យទន្ទឹមគ្នាផងដែរ ដូច្នេះដើម្បីឱ្យប្រាកដថាអាជីវកម្ម អាចដំណើរទៅមុខបានដោយរលូន លុះត្រាតែអ្នកជំនួញមានថវិកាគ្រប់គ្រាន់ សម្រាប់រៀបចំដំណើរការក្រុមហ៊ុន និងមានថវិកាបម្រុងមួយចំនួន នៅពេលដែលក្រុមហ៊ុនមានតម្រូវការចាំបាច់ ឬបន្ទាន់ណាមួយ។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្តបានបញ្ជាក់ថា “ខ្ញុំនិយាយដូច្នេះមិនមែនបន្ទុចបង្អា​ក់ មិនឱ្យធ្វើជំនួញនោះទេ ប៉ុន្តែធាតុពិតការធ្វើជំនួញត្រូវមានថវិកាបម្រុងជានិច្ច ដែលថវិកាមានប្រភពពីគ្រួសារផ្ទាល់ ឬមានប្រភពពីបងប្អូនឬមិត្តភក្រ្តជិតស្និទ្ឋ ដែលសហការគ្នាក្នុងការរកស៊ី ឬអាចផ្តល់កម្ចីក្នុងអំឡុងពេលចាំបាច់ណាមួយឬកម្ចីពីធនាគារក៏បាន»។

៣.ជំនាញៈ ចង់ធ្វើអាជីវកម្មអ្វីមួយត្រូវប្រាកដថា ខ្លួនឯងមានជំនាញច្បាស់លាស់ ទើបអាជីវកម្មដំណើរទៅមុខដោយរលូន បើគ្មានជំនាញរវល់តែរឿងស្វែងរកឱ្យគេជួយ ត្រូ​វ​គឺត្រូវចំណាយពេលវេលា និងថវិកាអស់មួយចំនួនបាត់ទៅហើយ។

ក្រៅពីនេះអ្នកជំនួញ ត្រូវរកអ្នកជំនាញមកធ្វើការជាមួយឱ្យបាន សម្រាប់ជួយការងាររបស់ខ្លួន ពេលមានអ្នកជំនាញម្នាក់ធ្វើការស្មើអ្នកអត់ជំនាញ១០នាក់ក៍ថាបាន។ លើសពីនេះត្រូវដាក់មនុស្សទៅតាមជំនាញ និងចំណង់ចំណូលរបស់ពួកគេផង ទើបសង្វាក់ផលិតកម្មក្រុមហ៊ុន ដំណើរការទៅមុខបានលឿន។ ពិសេសត្រូវមានយុទ្ឋសាស្រ្តទីផ្សារ អ្នកជំនាញផ្នែកទីផ្សារទើបអាចលក់ផលិតផលបានច្រើនក្នុងអំឡុងពេលខ្លី។

៤.ការសម្រេចចិត្តៈ មុននឹងសម្រេចចិត្តបើកអាជីវកម្ម ត្រូវមានការសម្រេចចិត្តច្បា​ស់លាស់ ពិសេសស្វែងរកមិត្តភក្រ្តឬអ្នកជំនាញ ធ្វើការប្រឹក្សាយោបល់ លើមុខជំនូញរបស់យើង ដើម្បីប្រាកដថាអាជីវកម្មដែលយើងចង់រកស៊ី អាចដំណើរការទៅបានដោយរលូន ឬយ៉ាងណា។ នៅពេលដែលមានការប្រឹក្សាយោបល់ច្បាស់លាស់ហើយ យើងត្រូវពិនិត្យពេលវេលាបន្ថែមទៀត បើគិតថាពេលវេលាមកដល់ហើយ ឱកាសបានហុចមកឱ្យហើយគួរចាប់ឱ្យជាប់ ដើម្បីយកឱកាសមកធ្វើជាប្រយោជន៍ឱ្យបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here