ផ្សារទំនើប Makro គ្រោងបោះទុនជាង៨០០លានដុល្លារ នៅឆ្នាំនេះដើម្បីបើកសាខាថ្មីៗដែលអាចនៅកម្ពុជា ផងដែរ

0

សុខុម

បាងកក: ក្រុមហ៊ុន Siam Makro Plc ដែលជាប្រតិបត្តិករផ្សារទំនើប Makro និងផ្សារទំនើប Lotus បានលៃទុកដើមទុនចន្លោះពី៧៤០លានដុល្លារ ទៅ៨០៣,៥លានដុល្លារអាមេរិក នៅឆ្នាំនេះដើម្បីពង្រីកអាជីវកម្មលក់រាយ និងលក់បោះដុំរបស់ខ្លួន។

លោក Saowaluck Thithapant ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Siam Makro លើកឡើងថា ការស្ទុះងើបឡើងនៃសេដ្ឋកិច្ច និងទេសចរណ៍បន្ទាប់ពីការបើកប្រទេសថៃ ឡើងវិញពេញលេញ នឹងជះផលជាវិជ្ជមានដល់អាជីវកម្មលក់ដុំ និងរាយ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងឧស្សាហកម្មចំណីអាហារដែលជាមូលដ្ឋានអតិថិជនរបស់ក្រុមហ៊ុននេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា។

ក្នុងនោះ ទុនចន្លោះពី៣៨៤លានដុល្លារ ទៅ៤១២លានដុល្លារ គឺសម្រាប់អាជីវកម្មលក់បោះដុំនៃផ្សារទំនើប Makro ខណៈទុនចន្លោះពី៣៥៧លានដុល្លារ ទៅ៣៩២លានដុល្លារ សម្រាប់អាជីវកម្មលក់រាយនៃផ្សារទំនើប Lotus រួមទាំងការពង្រីកសាខា និងការអភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ ប្រព័ន្ធឌីជីថល និងអាជីវកម្មថ្មីៗផងដែរ។

ក្នុងឆ្នាំ២០២៣ នេះ ផ្សារទំនើប Makro គ្រោងនឹងបើកសាខាថ្មីចំនួន១២សាខាក្នុងប្រទេសថៃ និងពី៤ទៅ៦សាខាក្នុងប្រទេសផ្សេងទៀតដែលផ្សារទំនើប Makro មានវត្តមានអាជីវកម្មរួចហើយ តួយ៉ាងដូចនៅកម្ពុជា ជាដើម។

ចំពោះអាជីវកម្មលក់រាយនៃផ្សារទំនើប Lotus ខ្លួនគ្រោងនឹងបើកផ្សារទំនើបពី១៣ទៅ១៨សាខាក្នុងប្រទេសថៃ និងម៉ាឡេស៊ី ព្រមទាំងសាខា Go Fresh នៃផ្សារទំនើប Lotus ពី១០០ទៅ១៥០សាខាផងដែរ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here