សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ឋទឹកកខ្វក់ត្រៀមដាក់ឆ្លងគណៈរដ្ឋមន្រ្តី

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបានលើកយកមកពិនិត្យពិភាក្សា ដើម្បីពន្លឿននីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងត្រៀមសម្រាប់ការបញ្ជូនទៅគណៈរដ្ឋមន្ត្រី។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៣០ មិនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ “សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ដោយច្របាច់បញ្ចូលគ្នា រវាងសេចក្តីព្រាងច្បាប់ដែលតាក់តែងដោយក្រុមការងារជំនាញរបស់ក្រសួង និងសេចក្តីព្រាងច្បាប់ដែលសិក្សាដោយ JICA សំដៅឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ បង្ការនូវកង្វះខាតត្រង់ចំណុចសំខាន់ៗដែលគួរមាន ដើម្បីធានាដល់ការអភិវឌ្ឍការគ្រប់គ្រងទឹកកខ្វក់ ឱ្យកាន់តែមានភាពប្រសើរឡើង ព្រមទាំងអាចផ្តល់ឧត្តមប្រយោជន៍ជារួម ស្របទៅតាមការរីកចម្រើនរបស់សង្គមជាតិ និងកំណើនប្រជាជនផងដែរ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគ្រប់រូប ដែលបានខិតខំប្រែងប្រែង សិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ តាក់តែងសេចក្តីព្រាងច្បាប់នេះឡើង និងបានណែ​នាំឱ្យក្រុមការងារបច្ចេកទេស ធ្វើបច្ចុប្បន្នភាពឯកសារនេះទៅតាមស្មារតីអង្គប្រជុំ និងបន្តនីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យ មុននឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីប្រជុំអនុម័ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here