កំណើនប្រជាសាស្ត្រខេត្តកណ្ដាលជំរុញឱ្យមានលំហូរវិនិយោគអចលនទ្រព្យ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ខេត្តកណ្ដាលជាខេត្ត ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានចំងាយមិនឆ្ងាយពីរាជធានីភ្នំពេញ ដោយបច្ចុប្បន្នមានប្រជាជនជាច្រើនបានទៅរស់នៅក្នុងខេត្តនេះ ក្នុងនោះក៏មានប្រជាពលរដ្ឋដែលធ្វើការនៅភ្នំពេញ ហើយបានត្រលប់ទៅសម្រាកនៅផ្ទះ នៅពេលយប់ដែរ។

លំហូរប្រជាសាស្រ្តនេះ បានជំរុញឱ្យកំណើនប្រជាជនក្នុងខេត្តកណ្ដាលកាន់ច្រើន និងធ្វើឱ្យវិនិយោគិន ចូលទៅបណ្ដាក់ទុនវិនិយោគកាន់តែច្រើនផងដែរ។

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានមានប្រសា​សន៍ថា បច្ចុប្បន្ននេះ ខេត្តកណ្ដាលបាន និងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះដែរ ក៏ត្រៀមឆ្លើយតប ទៅនឹងកំណើនប្រជាជន ដែលនឹងទៅរស់នៅក្នុងខេត្តកណ្ដាល ហើយលោកក៏បានអំពាវនាវឱ្យប្រជាជនមិនថា នៅភ្នំពេញ ឬមកបណ្ដាខេត្តនានា អាចចូលមករស់នៅក្នុងខេត្តកណ្ដាលបន្ថែមទៀត ពីព្រោះថានៅពេលមានមនុស្ស ទៅរស់នៅកាន់តែច្រើន នឹងមានការវិនិយោគឬ ក៏ដូចជាការអភិវឌ្ឍបន្ថែមទៀត។

លោកបន្តថា “ខេត្តកណ្ដាលអាចចាត់ទុក ជាខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ ហើយការអភិវឌ្ឍក្នុងខេត្តកណ្ដាល ក៏ឃើញថាមានច្រើនផងដែរ”។លោកបន្តថា “មានការអភិវឌ្ឍលើគម្រោងលំនៅឋាន និងមានការអភិវឌ្ឍទៅតំបន់ពាណិជ្ជកម្មបានកើនឡើងជាបន្ត​បន្ទាប់ផងដែរ”។

លោកគង់ សោភ័ណ្ឌបានបន្តថា អ្វីដែលពិសេសនោះ ខេត្តកណ្ដាល មានក្រុងរហូតដល់ទៅ៤ ដូចជា ក្រុងតាខ្មៅ ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ និងក្រុងឧត្តុងម៉ែជ័យ ដែលការបង្កើតក្រុងថ្មីៗនេះ នឹងទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន និងទាក់ទាញការអភិ​វឌ្ឍលើគម្រោងផ្សេងៗកាន់តែច្រើន ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងកន្លងមកថា ខេត្តកណ្ដាល ជាខេត្តមួយមានអំណាចទិញអចលនទ្រព្យ ជាពិសេសលំនៅឋានខ្លាំង បន្ទាប់ពីភ្នំពេញ ពីព្រោះថានៅពេលភ្នំពេញ កាន់តែចង្អៀតលើការអភិវឌ្ឍ នោះវិនិយោគិន នឹងចាប់ផ្ដើមសម្លឹងមើលតំបន់ណា ដែលជិតៗភ្នំពេញ ហើយពេលនោះដែរអ្នកទិញ ចង់មិនចង់បើសិនជាគាត់ចង់បានលំនៅឋាន ដែលមានតម្លៃសមរម្យ គឺគាត់នឹងស្វែងរកទិញលំនៅឋាននៅតំបន់នោះ ។

ជាការកត់សម្គាល់ មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនបាននិងកំពុងអភិវឌ្ឍន៍ សម្រាប់ផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន ក្នុងនោះដែរប៉ែកខាងត្បូងនៃភ្នំពេញ នៅស្រុកកណ្ដាលស្ទឹងក៏ឃើញថា ដោយមានគម្រោងអភិវឌ្ឍន៍ ព្រលានយន្តហោះអន្តរជាតិតេជោ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។

ក្រៅពីនោះតំបន់ប៉ែកខាងកើតភ្នំពេញ ក៏កំពុងមានសក្ដានុពលក្នុងការអភិវឌ្ឍលំនៅឋានដែរ ដោយមានក្រុមហ៊ុនអភិវឌ្ឍមួយចំនួនបាននិងកំពុងអនុវត្តន៍ គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here