កម្ពុជា: ពិព័រណ៍ចិន-អាស៊ាន ក្នុងពេលដ៏ខ្លីខាងមុខជាវេទិកា ដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ

0

ដោយៈ សុខុម

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃសុក្រ ទី៣១ ខែមីនា ថា ពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo) លើកទី២០ ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ គឺជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសចិន និងអាស៊ាន។

ពិព័រណ៍នេះដែលរួមជាមួយ នឹងព្រឹត្តិការណ៍បន្ទាប់បន្សំមួយចំនួនទៀតដូចជាវេទិកាធុរកិច្ច ការវិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (Cambodia-China Business, Investment and Tourism Forum) និងវេទិកាធុរកិច្ច និងវិនិយោគចិន-អាស៊ាន (China-ASEAN Business and Investment Forum) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងណាននីង (Nanning) នៃតំបន់ស្វយ័តគ័ងស៊ី ជ័ង (Guangxi Zhuang) ប្រទេសចិន ភាគខាងត្បូង។

ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីថ្លែងការណ៍ថា “ដើម្បីស្តារ និងលើកកម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្មក្នុងនាម ជាសហអ្នករៀបចំពិព័រណ៍នេះ សូមគោរពអញ្ជើញពាណិជ្ជករ សហគ្រិន អ្នកវិនិយោគ អ្នកផ្តល់សេវាកម្ម និងផលិតករមកចូលរួមក្នុងពិព័រណ៍នេះ”។

សេចក្ដីថ្លែងការណ៍ដដែលគូសបញ្ជាក់ថា ពិព័រណ៍នេះនឹងជាឱកាសដ៏ល្អសម្រាប់ពាណិជ្ជករកម្ពុជា ក្នុងការតភ្ជាប់ឡើងវិញជាមួយពាណិជ្ជករចិន និងអាស៊ាន។

លោកឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋម​ន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណជ្ជកម្មមានប្រសាសន៍ថា ពិព័រណ៍នេះគឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម ប្រចាំឆ្នាំដ៏ធំបំផុតរវាងប្រទេសចិន និងអាស៊ាន ហើយថា វាបានទាក់ទាញអ្នកតាំងពិព័រណ៍ និងអ្នកទស្សនាកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឈួន ដារ៉ា បានលើកឡើងក្នុងវេទិកានាពេលថ្មីៗនេះថា “ពិព័រណ៍នេះ នឹងជាឱកាសដ៏ល្អសម្រាប់ផលិតផលកម្ពុជា ចូលទៅកាន់ទីផ្សារចិន និងអាស៊ាន។ វាក៏ជាឱកាសដ៏ល្អមួយ ក្នុងការទាក់ទាញអ្នកវិនិយោគពីប្រទេសចិន និងអាស៊ាន មកកាន់កម្ពុជាបន្ថែមទៀតផងដែរ”៕ Xinhua៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here