ប្រទេសជប៉ុននឹងបន្ធូរបន្ថយច្បាប់ព្រំដែនសម្រាប់ភ្ញៀវទេសចរចិន ចាប់ពីដើមខែមេសានេះ

0

ដោយ: គង់ លាងហួរ

តូក្យូ: ប្រទេសជប៉ុគ្រោងបន្ធូរបន្ថយច្បាប់ព្រំដែន សម្រាប់ភ្ញៀវទេសចរចិននៅដើមខែមេសា ដោយអនុញ្ញាតឱ្យចូល ដោយគ្មានការធ្វើតេស្តមេរោគជាមុន ប្រសិនបើពួកគេត្រូវបាន ចាក់វ៉ាក់សាំងយ៉ាងហោចណាស់ចំនួន៣ដងរួចមក។

នេះបើយោងតាមការចុះផ្សាយ ដោយបណ្តាញសារព័ត៌មាន Fuji News (FNN) បានរាយការណ៍ឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា។

វិធានការនេះអាចត្រួសត្រាយផ្លូវ សម្រាប់ការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិនកាន់តែច្រើន ដែលធ្លាប់បានទៅទស្សនាប្រទេសជប៉ុនក្នុងចំនួនដ៏ច្រើន មុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ និងជួយកសាងឡើងវិញ នូវឧស្សាហកម្មទេសចរណ៍ ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ។

ភ្ញៀវទេសចរចិនបច្ចុប្បន្ន ត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគមុនពេលមកដល់ប្រទេសជប៉ុន និងបង្ហាញភស្តុតាងថា ពួកគេមិនបានឆ្លងមេរោគ ប៉ុន្តែវិធានការនេះនឹងត្រូវផ្លាស់ប្តូរ ដើម្បីផ្គូផ្គងលក្ខណៈវិនិច្ឆ័យសម្រាប់ភ្ញៀវ មកពីបណ្តាប្រទេសផ្សេងទៀត ដោយបង្ហាញភស្តុតាងថា ពួកគេបានចាក់វ៉ាក់សាំង៣ដងឬច្រើនជាងនេះ។

សារពត៌មាន FNN បានរាយការណ៍ឱ្យដឹងទៀតថា ការផ្លាស់ប្តូរនេះ អាចចូលជាធរមានចាប់ពីដើម ខែមេសាខាងមុខនេះ ដោយដកស្រង់ប្រភពរដ្ឋាភិបាល ទោះបីជាការធ្វើតេស្តចៃដន្យ នៅពេលមកដល់អាចនៅតែធ្វើឡើងយ៉ាងណាក្តី។

ចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសជប៉ុន បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែទីភ្នាក់ងារទេសចរណ៍ជាតិបានអះអាងថា តួលេខកាលពីខែមុន នៅតែធ្លាក់ចុះ៤៦ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here