អ្នក​ជំនាញ: ប្រទេសចិន​នឹង​បន្តក្លាយ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម ​ដ៏​សំខាន់​បំផុត​របស់​ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ:  ក្រុមអ្នកជំនាញឧស្សាហកម្មជាន់ខ្ពស់ និងក្រុមនាយ កប្រតិបត្តិក្រុមហ៊ុនបានថ្លែងនៅឯវេទិកាBoao ប្រចាំឆ្នាំ២០២៣បានអះអាងថា ការពឹងផ្អែកពាណិជ្ជកម្មសកលលើតំបន់អាស៊ី រួមទាំងប្រទេសចិន នៅតែមានស្ថិរភាព ហើយប្រទេសនេះនឹងមិនបាត់បង់ឋានៈរបស់ខ្លួន ជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុត របស់ពិភពលោកនោះទេ។

ការអត្ថាធិប្បាយរបស់ពួកគេបានលេចឡើង បន្ទាប់ពីមានរបាយការណ៍ ដែលចេញផ្សាយនៅក្នុងវេទិកាបានបង្ហាញថា ការពឹងផ្អែកជាសកលលើពាណិជ្ជកម្មអាស៊ី នៅក្នុងទំនិញនៅតែមានស្ថិរភាព ហើ​យការពឹងផ្អែកពាណិជ្ជកម្ម ក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចអាស៊ីរួមទាំងប្រទេសចិន នៅតែស្ថិតក្នុងកម្រិតខ្ពស់ដែលទាក់ទង។

របាយការណ៍បានបន្តថា ការពឹងផ្អែករបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង លើប្រទេសចិនមានជាង២០ភាគរយ ហើយការពឹងផ្អែករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេស CPTPP ទៅលើប្រទេសចិនគឺមានជិត២០ភាគរយ ដោយផ្អែកលើទិន្នន័យរហូតដល់ឆ្នាំ២០២១។

CPTPP សំដៅលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីក្នុងចំណោមប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។

នៅក្នុងចំណោមបណ្តាប្រទេសG20 សេដ្ឋកិច្ចរបស់ប្រទេសភាគច្រើន បានពឹងផ្អែកពាណិជ្ជកម្មរបស់ពួកគេ លើប្រទេសចិន ពោលគឺកើនឡើងនៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២១ ដោយមានតែសហរដ្ឋអាមេរិក និងបារាំងប៉ុណ្ណោះ ដែលមើលឃើញពីការធ្លាក់ចុះនៃការពឹងផ្អែកពាណិជ្ជកម្មរបស់ពួកគេទៅលើប្រទេសចិន។

លោក Yao Yang ព្រឹទ្ធបុរសនៃសាលាជាតិអភិវឌ្ឍន៍នៃសាកលវិទ្យាល័យប៉េកាំងបានមានប្រសាសន៍ថា “ប្រទេសចិនទំនងជានឹងមិនបាត់បង់ឋានៈរបស់ខ្លួន ជាមជ្ឈមណ្ឌលផលិតកម្ម ដ៏ធំបំផុតរបស់ពិភពលោកនោះទេ សម្រាប់រយៈពេលយ៉ាងហោចណាស់ ចន្លោះពី១០ទៅដល់២០ឆ្នាំ”។

លោកបានបន្ថែមថា “ដោយឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មមួយចំនួន បានផ្លាស់ប្តូរទៅកាន់តំបន់អាស៊ានមួយចំនួន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ វាមានអត្ថប្រយោជន៍ភូមិសាស្ត្រ​នយោបាយសម្រាប់ប្រទេសចិនទាំងមូល ដោយសារសេដ្ឋកិច្ចទាំ​ងនេះ ត្រូវបានរួមបញ្ចូលទៅក្នុង ប្រព័ន្ធអេកូផលិតកម្មរបស់ប្រទេ​ស​ចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here