រដ្ឋាករទឹកកំពុងវិនិយោគទឹកប្រាក់៤០០លានដុល្លារដើម្បីសាងសង់រោងចក្រផលិតទឹកបន្ថែម

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ឆ្លើយតបនឹងតម្រូវការទឹក សម្រាប់ប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រកា​សថា ខ្លួនកំពុងវិនិយោគលើរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំនួន៣បន្ថែ​មទៀត ដែលរោងចក្រទាំង៣នេះ ចំណាយថវិកាប្រមាណជាង៤០០លានដុល្លារអាមេរិក។

យោងតាមការប្រកាសរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ នៅចុងសប្ដាហ៍នេះបានឱ្យដឹងថា រោងចក្រប្រព្រឹត្តិទឹកស្អាតទាំង៣កន្លែងនេះ នឹងមានសមត្ថភាពផលិតទឹក បានប្រមាណ៤២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋ នៅតាមបណ្ដាតំបន់ក្នុងរាជធានីភ្នំពេញនិងតាខ្មៅ ក្នុងនោះនៅពាក់កណ្ដាលឆ្នាំ ២០២៣នេះ អាងប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងដាក់ដំណើរការហើយអាចផលិតទឹកប្រមាណជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ  ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា រោងចក្រប្រឹត្តកម្មទឹកស្អាតទាំងបីដែលរដ្ឋាទឹកស្វយ័តក្រុងភ្នំពេញ បានវិនិយោគរួមមាន ទី១ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែងជំហានទី១-២ សមត្ថភាពផលិតសរុប៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

រោងចក្រនេះ បានបណ្ដាក់ទុនវិនិយោគប្រមាណ៤០០លានដុល្លារអាមេរិក ក្នុងនោះជំហានទី១ មានទឹកប្រាក់២០០លានដុល្លារ  ៨៥លានដុល្លារ បានមកពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ ( AFD ) ១០០លានដុល្លារ បានមកពីធនាគារវិនិយោគអឺរ៉ុប ( EIB) និង១៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឹរ៉ុប ។

ជំហានទី២ ១០០លានដុល្លារបានមកពី AFD ហើយទាំងពីរគម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបដិភាគថវិកាប្រមា​ណ៨០លានដុល្លារអាមេរិកផងដែរ ។

ទី២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ សមត្ថភាពផលិត ៣០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយវិនិយោគ ទឹកប្រាក់ប្រមាណ៣០លានដុល្លារ នឹងរួចរាល់នៅឆ្នាំ ២០២៤ ។

ទី៣. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ សមត្ថភាពផលិត ៥.០០០ម៉ែត្រក្នុងមួយថ្ងៃ មានទឹកប្រាក់វិនិយោគប្រមាណ២លានដុល្លារអាមេរិក រួចរាល់នៅចុងឆ្នាំ ២០២៣នេះ ។

នារដូវប្រាំងក្នុងឆ្នាំ ២០២៣នេះ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កំពុងជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅជាយក្រុងភ្នំពេញ ហើយដើម្បីដោះស្រាយចំពោះបញ្ហានេះ រដ្ឋាករទឹក និងអាជ្ញាធរមូលដ្ឋានបានសហការ ជាមួយអង្គភាពពន្លត់អគ្គីភ័យ បានដឹកទឹកចែកជូនពលរដ្ឋតាមតំបន់កំពុងខ្វះខាតទឹកខ្លាំង ដើម្បីបានទឹកប្រើប្រាស់ប្រចាំថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here