រដ្ឋាភិបាលចិនបានត្រៀមខ្លួនជាស្រេចក្នុងការចរចាបណ្តាប្រទេសអាស៊ានជុំវិញសមុទ្រចិនខាងត្បូង និងគម្រោងរថភ្លើងល្បឿនលឿន

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីពន្លឿនការពិគ្រោះយោបល់ សម្រាប់សមុទ្រចិនខាងត្បូង។ នេះបើតាមការរាយការណ៍របស់សារពត៌មាន Xinhua ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រីចិនលោក Li Qiang។

លោក Li ត្រូវបានដកស្រង់សម្តី ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេច ក្នុងការសហការដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។  លោក Li ត្រូវបានដកស្រង់សម្តី ដោយសារពត៌មាន Xinhua ថា “តំបន់អាស៊ីគឺជាផ្ទះរួមគ្នារបស់យើង ហើយកិច្ចសហប្រតិបត្តិការឈ្នះ-​ឈ្នះគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់”។

ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលគេស្គា​ល់ថាជាអាស៊ាន បានធ្វើការជាមួយគ្នាជិត២០ឆ្នាំមកហើយ ដើម្បីបង្កើ​តក្រមសីលធម៌ គ្របដណ្តប់លើផ្ទៃទឹកដែលមានជម្លោះ។

ភាពតានតឹងបាននិងកំពុងកើនឡើង រវាងប្រទេសយក្សអាស៊ីមួយនេះ និងអ្នកទាមទារតំបន់ផ្សេងទៀត ដូចជាហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ ឥណ្ឌូណេស៊ី វៀតណាម និងប្រ៊ុយណេ ខណៈដែលទីក្រុងប៉េកាំងសាងសង់ថ្មប៉ប្រះទឹក កោះ និងដីដែលមានជម្លោះ ផ្លូវយន្តហោះចុះឡើង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

កាល​ពី​ខែ​មុន ប្រទេសចិន​បាន​វាយ​បក​ទៅ​អាមេរិក​វិញ ​ចំពោះ​ការ​ពង្រីក​ការ​ចូល​ប្រើប្រាស់​យោធា ​ក្នុង​ប្រទេស​ហ្វីលីពីន ដោយ​អះ​អាងថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​ឡោមព័ទ្ធ និង​ទប់​ស្កាត់​ខ្លួន។

លោក Li Qiang បានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីជំរុញការចរចាយ៉ាងសកម្ម លើតំបន់ពាណិ​ជ្ជកម្មសេរីអាស៊ាន-ចិន ក៏ដូចជារួមគ្នាអនុវត្តភាពជាដៃគូសេដ្ឋកិច្ច ក្នុងតំបន់ និងជំរុញការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ីបូព៌ា។

ទន្ទឹមនឹងនោះ លោក Anwar បានមានប្រសាសន៍ថា ទាំងលោក Li និងលោកប្រធានាធិបតីស៊ី ជីនពីង បានព្រមព្រៀងគ្នាក្នុងការជំរុញទំនាក់ទំនង ពាណិជ្ជកម្មជាមួយម៉ាឡេស៊ី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ រួមទាំងការពន្លឿន គម្រោងផ្លូវរថភ្លើងល្បឿនលឿន East Coast Rail Link ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here