មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានលើកគឡើងពីគុណតម្លៃ នៃអ្នកធុរកិច្ចចិន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​លើកឡើងថា ការវិនិយោគ​របស់​ក្រុមហ៊ុន និង​វិនិយោគិន​ចិន​បាន​ចូលរួមចំណែ​ក​យ៉ាងសំខាន់​មួយ ​ក្នុង​ការជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ និង​បង្កើត​ការងា​រ​ក្នុងស្រុក​ដល់​ប្រជាពលរដ្ឋ​។​

លោកឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ បាន​ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច “​ខ្សែក្រវាត់​និង​ផ្លូវ​” នៅ​រាជធានី​ភ្នំពេញ និង​ពិធី​សម្ពោធ​ជា​ផ្លូវការ​គម្រោង ​សហគ្រាស​រាប់ពាន់​ចូលមក​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣​ថា ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​កំណើន​ប្រមាណ៧% ក្នុង​១​ឆ្នាំ ជាង២ទសវត្សរ៍​កន្លងមក​នេះ គឺ​ពិតជា មិនអាច​កាត់ផ្តាច់​បាន ពី​ការចូលរួម​របស់​ក្រុមហ៊ុន សហគ្រាស​ចិន ដែល​បានមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​នោះទេ​។​

​លោក​បានបញ្ជាក់ថា  “ក្រោម​ការសម្របសម្រួល​ របស់​សភាពា​ណិ​ជ្ជកម្ម​ចិន​-​កម្ពុជា និង​វត្តមាន​សមាគម​សម្ព័ន្ធ​សេដ្ឋកិច្ច ​សហប្រតិ​បត្តិកា​រស​កល​ខ្សែក្រវាត់​និង​ផ្លូវ នៅ​កម្ពុជា​នេះ​គឺជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់ ដែល​វា​ដើរតួនាទី​មិន​ត្រឹមតែ​ជា​ស្ពាន​ចម្លង ​នៃ​កិច្ចសហប្រ​តិ  បត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ​នៃ​ប្រទេស​ទាំង​២​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ស្ថាប័ន​ត​ភ្ជាប់​នូវ​វិស័យសេដ្ឋកិច្ច វប្បធម៌ និង​សង្គមកិច្ចផងដែរ”។​

ជាមួយគ្នានេះ ​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា ការវិនិយោគ​របស់​ប្រទេស​ចិន ​ពិតជា​បាន​ចូលរួមចំណែក​ ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបណ្តាក់ទុន​រកស៊ី​ទៅក្នុង​វិស័យ​នានា មានដូចជា​វិស័យ​កាត់ដេរ និង​វាយ​ន​ភណ្ឌ វិស័យ​កសិកម្ម និង​វិស័យ​កែច្នៃ វិស័យ​ទេសចរណ៍ វិស័យ​ហិរញ្ញវត្ថុ វិស័យ​ធនធាន​រ៉ែ និង​ប្រេងកាត​ជាដើម​។​

លោក​បានបន្តថា “ប្រទេស​កម្ពុជា​យើង ​គឺ​បានទទួល​ផលប្រយោជន៍​ជាច្រើន​ ពី​ការវិនិយោគ​របស់​ប្រទេស​ចិន​ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​បង្កើន​ការនាំចេញ”​។លោកបន្ថែមថា “លើ​សពីនោះ​ទៅទៀត ភាពស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​ទាំង​២ ក៏​បង្កើតជា​ទំនុកចិត្ត​ដល់​វិនិយោគិន ​រវាង​ប្រទេស​ទាំង​២​ផងដែរ”។

ប្រទេស​ចិន ​បាន​បន្ត​ឈរលើ​កំពូល​តារាង​ជា​ប្រទេស ​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ ច្រើនជាងគេ​ក្នុង​ឆ្នាំ​២០២២ កន្លងមក ដោយ​សម្រេចបាន​ជាង១១,៦៨​ ពាន់​លាន​ដុល្លារ កើន​ជាង ៤​ ភាគរយ​បើ​ធៀប​នឹង​​ឆ្នាំ​២០២១ ខណៈ​ទឹកប្រាក់​ដែល​ចិន​នាំ​ទំនិញ​មក​កម្ពុជា​ បាន​គ្របដណ្តប់​រហូតដល់​ជិត៩០​ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here